(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះបាននិយាយថានាវាចម្បាំង៨គ្រឿង និងយន្ដហោះចម្បាំងចិន ៤២គ្រឿង បានបង្ហាញវត្តមាន និងធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ខណៈចិនបានប្រកាសធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានសម្ដែងការថ្កោលទោសផងដែរ ចំពោះសកម្មភាពយោធារបស់ចិន ដោយហៅថាជាសកម្មភាពគ្មានហេតុផល។ បើតាម ក្រសួង នៅក្នុងចំណោមយន្ដហោះចម្បាំងចិនទំាង៤២គ្រឿងខាងលើ ក្នុងនោះមាន ២៩គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចន្លោះពីម៉ោង ៦ និង១១ព្រឹក ថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់)។

គួរបញ្ជាក់ថា ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថាទីក្រុងប៉េកាំង នឹងដឹកនាំការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយចាប់ផ្ដើមពី ថ្ងៃសៅរ៍នេះតទៅ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ធ្វើមាតុភូមិនិវត្តពីសហរដ្ឋអាមេរិកជាទីដែលលោកស្រីបានជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី។ ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ទៀតថា ចិននឹងធ្វើសមយុទ្ធល្បាតត្រៀមលក្ខណៈប្រយុទ្ធ និងសមយុទ្ធនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ រហូតដល់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើត កោះតៃវ៉ាន់តាមផែនការគ្រោងទុក។

ដោយឡែក នៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ចិននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅឯតំបន់ឆ្នេរនៃខេត្តហ្វូជៀន (Fujian) នៅចន្លោះពីម៉ោង៧ព្រឹក ដល់ម៉ោង ៨យប់៕