(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បាននិយាយថាតៃវ៉ាន់នឹងមិនត្រូវបានរារាំងពីការចូលរួមជាមួយពិភពលោក ហើយក៏នឹងមិនចុះញ៉មដោយសារតែសម្ពាធណាមួយ នោះដែរ ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្ដាល និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោកស្រី សៃ ធ្វើឡើង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង តាវយ័ន (Taoyuan) ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ច ក្នុងដំណើរ ឈប់សំចតនៅសហរដ្ឋអាមេរិក ជាទីដែលលោកស្រីបានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី ។ ថ្លែងនាឱកាសនោះ លោកស្រី សៃ បានលើកឡើងដូច្នេះថា «យើងបានបង្ហាញសហគមន៍អន្តរជាតិថាទោះបីជាប្រឈមមុខនឹងសម្ពាធ និងការគំរាមកំហែង តៃវ៉ាន់កាន់តែរួបរួមគ្នា ហើយក៏នឹងមិនចុះញ៉មដោយសារតែ ការគាបសង្កត់ ឬក៏ដោយសារឧបសគ្គរារាំងក្នុងការចូលរួមជាមួយពិភពលោកជាដាច់ខាត»

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះដែរ ចិនបានប្រកាសពីធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ខណៈក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ពីវត្តមាននាវាចម្បាំង៣គ្រឿង និងយន្ដហោះចម្បាំង ១៣គ្រឿងរបស់ចិន នៅជុំវិញដែនកោះតៃវ៉ាន់ ហើយក្នុងនោះយន្ដហោះចម្បាំង ៤គ្រឿងក្នុងចំណោមយន្ដហោះចម្បាំងចិន បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបានហោះចូលក្នុងដែនកំណត់ អត្តសញ្ញាណការពារដែនអាកាសនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់។ តៃវ៉ាន់បានចោទថាសមយុទ្ធយោធារបស់ចិន គំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ តែចិនវិញដែលបានថ្កោលទោសជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី អះអាងថាវាសារព្រមានប្រឆាំងនឹងកម្លាំងផ្ដាច់ខ្លួន ដែលបំណងចង់ផ្ដាច់តៃវ៉ាន់ចេញពីចិន៕