(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានអះអាងថាខ្លួនបានធ្វើតេស្ដ «ដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក» សាជាថ្មី ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏ធ្លាប់បានអះអាងផងដែរពីការធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងការបាញ់សាកល្បង មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់។ ជាថ្មីម្ដងទៀតនៅក្នុងសេចក្ដីរាយការណ៍នៅថ្ងៃសៅរ៍នេះ KCNA បានបញ្ជាក់ដូច្នេះថា «វិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ មួយនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK, ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង) បានដឹកនាំការធ្វើតេស្ដប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹក កាលពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែមេសា»

គួរបញ្ជាក់ថា បើតាម KCNA ដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកខាងលើមានឈ្មោះថា ហេ-២ (Haeil-2) បានធ្វើដំណើរបានចម្ងាយ ១,០០០គីឡូម៉ែត្រនៅក្រោមទឹក ក្នុងរយៈពេល៧១ម៉ោង និង៦នាទី។ ពាក្យថា ហេ (Haeil) នៅក្នុងភាសាកូរ៉េមានន័យ ស៊ូណាមិ ហើយអាវុធប្រភេទនេះត្រូវបានកូរ៉េខាងជើងបានធ្វើតេស្ដម្ដងដែរកាលពីថ្ងៃទី២៣ ខែមីនា។ កូរ៉េខាងជើងបានអះអាងថាដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកនេះមានសត្ថភាពអាចបង្កើតរលកយក្សស៊ូណាមិមានផ្ទុកសារធាតុវិទ្យុសកម្មដ៏សម្បើម ដែលអាច វាយប្រហារលើកងទ័ពជើងទឹក និងកំពង់ផែសំខាន់ៗរបស់សត្រូវ៕