(ប៉េកាំង)៖ ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថាទីក្រុងប៉េកាំង នឹងដឹកនាំការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយ ចាប់ផ្ដើមពីថ្ងៃសៅរ៍នេះតទៅ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ធ្វើមាតុភូមិនិវត្តពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយរបស់ខ្លួន ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ទៀតថាចិននឹងធ្វើសមយុទ្ធល្បាតត្រៀមលក្ខណៈប្រយុទ្ធ និងសមយុទ្ធនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ រហូតដល់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើត កោះតៃវ៉ាន់តាមផែនការគ្រោងទុក។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លើសពីនេះនោះទេ។

នៅថ្ងៃសៅរ៍នេះដែរ ខាងក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាខ្លួនប្រទះឃើញនាវាចម្បាំង៣គ្រឿង និងយន្ដហោះចម្បាំង ១៣គ្រឿងរបស់ចិន នៅជុំវិញដែនកោះតៃវ៉ាន់ ហើយ ក្នុងនោះយន្ដហោះចម្បាំង ៤គ្រឿងក្នុងចំណោមយន្ដហោះចម្បាំងចិន បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបានហោះចូលក្នុងដែនកំណត់ អត្តសញ្ញាណការពារដែនអាកាសនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការប្រកាសធ្វើសមយុទ្ធយោធាខាងលើរបស់ចិន កើតមានឡើងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានជួបពិភាក្សាជាមួយ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ក្នុងទីក្រុងឡូសអាន់ជែល ឡែស កាលពីថ្ងៃពុធ ដែលបង្កឱ្យទីក្រុងប៉េកាំងថ្កោលទោស ជាមួយការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕