(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បាននិយាយនៅថ្ងៃសុក្រថា សហគ្រាសចិន និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៨ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងការផលិត ការអភិវឌ្ឍន៍បៃតង ថាមពលថ្មី និងការច្នៃប្រឌិត នៅក្នុងកិច្ចប្រជុំរបស់សហគ្រិនចិន និងបារាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាបើកមួយ មន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yu Yuantang បាននិយាយថា ទំហំពាណិជ្ជកម្មរវាងចិន និងបារាំងបានកើនឡើងពី ៦០ពាន់លានដុល្លារដល់ ៨០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

លោក Yu បាននិយាយទៀតថា ក្នុងឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប បានយកឈ្នះលើផលប៉ះពាល់អវិជ្ជមានជាច្រើន និងសម្រេចបាននូវវឌ្ឍនភាពជាលំដាប់ ដោយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ៨៤៧.៣ពាន់លានដុល្លារអាមេរិក ខណៈការវិនិយោគថ្មីពីក្រុមហ៊ុនអឺរ៉ុប នៅក្នុងប្រទេសចិនកើនឡើង៧០ភាគរយដល់ ១២.១ពាន់លានដុល្លារ៕