(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានគំរាមបោះបង់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាប្រវត្តិសាស្ត្រជាមួយអ៊ុយក្រែន ប្រសិនបើឧបសគ្គសម្រាប់ការនាំចេញរបស់ទីក្រុងមូស្គូនៅតែបន្តមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងដែលបានចរចាកាលពីខែកក្កដា រវាងតួកគី និងអង្គការសហប្រជាជាតិ អនុញ្ញាតឱ្យអ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិធំជាងគេមួយរបស់ពិភពលោក អាចនាំចេញគ្រាប់ធញ្ញជាតិតាមរយៈការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ។
លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីអង់ការ៉ា ជាមួយសមភាគីតួកគី លោក Mevlut Cavusoglu ថា «ប្រសិនបើមិនមានការរីកចំរើនបន្ថែមទៀត ក្នុងការដកចេញនូវឧបសគ្គចំពោះការនាំចេញជី និងធញ្ញជាតិរបស់រុស្ស៊ីទេ យើងនឹងពិចារណាថាតើកិច្ចព្រមព្រៀងនេះចាំបាច់ឬអត់»។
រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងបានអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងកសិផលជាង ២៧លានតោន។ វាត្រូវបានបន្តពីរដងមកហើយ។ នៅពេលដែលវាត្រូវបានពន្យារពេលក្នុងខែមីនា រុស្ស៊ីបាននិយាយថា វានឹងមានសុពលភាពរយៈពេល ៦០ថ្ងៃ ជំនួសឱ្យ ១២០ថ្ងៃនៅក្នុងកិច្ចព្រមព្រៀងដើម។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្អូញត្អែរថា បើទោះបីជាតាមរយៈកិច្ចព្រមព្រៀងនាំចេញនេះ មិនមានការដាក់ទណ្ឌកម្មលើការនាំចេញអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកក៏ដោយ ប៉ុន្តែបញ្ហាគឺទាក់ទងទៅនឹងការទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រង ក៏ដូចជាធនាគារជាដើមនៅតែជាបញ្ហាចោទ សម្រាប់ការនាំចេញរបស់ខ្លួន៕