(តេហេរ៉ង់)៖ ក្រសួងការបរទេសបារាំងបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសបារាំងបានរៀបចំកិច្ចប្រជុំទល់មុខដ៏កម្រមួយ ជាមួយសមភាគីអ៊ីរ៉ង់នៅក្នុងប្រទេសចិន ដោយជំរុញឱ្យទីក្រុងតេហេរ៉ង់ដោះលែងជនជាតិបារាំង «ឃុំខ្លួនដោយបំពាន» នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣។
លោកស្រី Catherine Colonna ដែលកំពុងធ្វើដំណើរអមជាមួយប្រធានាធិបតី លោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានជួបប្រជុំជាមួយ លោក Hossein Amir Abdollahian ក្នុងទីក្រុងប៉េកាំង។
លោក Amir-Abdollohian បានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុងប៉េកាំង សម្រាប់កិច្ចចរចាដំណោះស្រាយដាច់ដោយឡែករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ចិនបានសម្រុះសម្រួលការផ្សះផ្សាគ្នាកាលពីខែមុន ក្នុងសញ្ញានៃការកើនឡើងនៃឥទ្ធិពលរបស់ក្រុងប៉េកាំងនៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍របស់បារាំងបាននិយាយថា «លោកស្រី Colonna បានបន្តការទាមទារជាបន្ទាន់របស់ខ្លួន សម្រាប់ការដោះលែងជាបន្ទាន់នូវជនជាតិបារាំងទាំងប្រាំមួយនាក់ ដែលត្រូវបានឃុំខ្លួនដោយប្រទេសអ៊ីរ៉ង់តាមអំពើចិត្ត»។
អ្នកទាំងប្រាំមួយនាក់នោះ ស្ថិតក្នុងចំណោមជនបរទេសប្រមាណរាប់សិបនាក់ ដែលសកម្មជន និងរដ្ឋាភិបាលលោកខាងលិច និយាយថា កំពុងត្រូវបានចាប់ខ្លួនដោយប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានសម្បទាន។
ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ពីកិច្ចប្រជុំនេះ ដោយបន្ថែមថា «បញ្ហាកុងស៊ុលមួយចំនួនក៏ត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំផងដែរ»។ ប៉ុន្តែមិនបានបញ្ជាក់បន្ថែមអ្វីនោះទេ។
គួរញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងមហាអំណាចអ៊ឺរ៉ុប រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយការបង្រ្កាបដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់លើចលនាតវ៉ាដែលបានផ្ទុះឡើងនៅក្នុងខែកញ្ញា៕