(ប៉េកាំង)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងជាមួយនឹងលោកស្រី ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) ក្នុងប្រទេសចិន បានពឹងផ្អែកលើប្រទេសចិនដើម្បីដាក់ការគាបសង្កត់លើរុស្ស៊ីដើម្បីចូលក្នុងតុចរចា។ ប៉ុន្តែមន្ត្រីពីវិមានក្រឹមឡាំងបានថ្លែង មកវិញថា ឱកាសនៃកិច្ចចរចាសន្តិភាពដែលចាប់ផ្តើមនៅឆ្នាំ២០២៣ នេះ គឺស្ថិតក្នុងចំណុច «សូន្យ» នៅឡើយទេ។

រដ្ឋាភិបាលរុស្ស៊ីបានថ្លែងថា «គ្មានការរំពឹងទុក» សម្រាប់ប្រទេសចិន ក្នុងការដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ដែលការថ្លែងចេញពី វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានោះ បានធ្វើឡើងទន្ទឹមនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបជាមួយមេដឹកនាំចិន Xi Jinping ហើយបានជំរុញឱ្យចិនដើម្បី «នាំប្រទេសរុស្ស៊ីឱ្យមានស្មារតីយល់ស្រប»

លោក Emmanuel Macron បានបំពេញទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសចិនជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ ដំណើរទស្សនកិច្ច ដែលចាប់ផ្តើមតាំង ពីថ្ងៃពុធ ទី៥ ខែមេសា បានផ្តោតលើបញ្ហាពាណិជ្ជកម្ម, សង្គ្រាមអ៊ុយក្រែននិងបញ្ហាជាច្រើនទៀត។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយតាមកាសែត Moscow Times ថា គេគ្មានការសង្ស័យទេដែលថាប្រទេសចិនមានសក្ដានុពលបញ្ជានិងមានប្រសិទ្ធភាពសម្រាប់ការសម្រុះសម្រួល…ប៉ុន្តែ ស្ថានការណ៍ជាមួយរឿងអ៊ុយក្រែន នោះវាមានភាពស្មុគស្មាញ ដែលរហូតមកដល់ពេលនេះ គឺមិនមានការមើលឃើញទៅមុខសម្រាប់ការរកដំណោះស្រាយនយោបាយ នោះឡើយ។

លោក Dmitry Peskov បានថ្លែងទៀតថាវាមិនមានផ្លូវជម្រើសផ្សេងណាទៅមុខសម្រាប់រុស្ស៊ី ក្រៅតែពីបន្តធ្វើការវាយលុករបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ មន្ត្រីវិមានក្រឹមឡាំងបានបង្ហាញ ថារដ្ឋាភិបាលក្រុងម៉ូស្គូមិនមានចំណាប់អារម្មណ៍ក្នុងការចរចា នាពេលអនាគតខាងមុខនោះទេ។ ប្រតិកម្មពីប្រទេសរុស្ស៊ីនេះ បានកើតឡើង បន្ទាប់ពីមេដឹកនាំបារាំង លោក Macron ដែលស្ថិតនៅឯទីក្រុងប៉េកាំងបាននិយាយថារុស្ស៊ី បានវាយប្រហារដល់ស្ថិរភាពអន្តរជាតិ តាមរយៈការឈ្លានពានអ៊ុយក្រែន ហើយ មេដឹកនាំបារាំងរូបនោះ បានអំពាវនាវឱ្យលោក Xi Jinping ត្រូវជួយជំរុញឱ្យប្រទេសរុស្ស៊ីមើលឃើញហេតុផល និង «នាំអ្នករាល់គ្នាវិលត្រឡប់ទៅតុចរចាវិញ»។ សារព័ត៌មាន Associated Press បានរាយការណ៍ថា នៅថ្ងៃដែលមានការជួបជជែកគ្នានោះ លោក Xi Jinping បានអំពាវនាវឱ្យការចរចាសន្តិភាពមានការ «ចាប់ផ្តើមឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលធ្លាប់បានអញ្ជើញលោក Xi Jinping ដើម្បីឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានបញ្ជាក់ម្តងហើយ ម្តង ទៀតនូវបំណងរបស់ខ្លួនដែលចង់និយាយជាមួយលោក ស៊ី ជិនពីង។ លោកហ្សេលេនស្គី និងលោក ស៊ី ជិនពីង មិនធ្លាប់បាននិយាយជាមួយគ្នាទេ ចាប់តាំងពីមានសង្គ្រាម ក្នុងទឹកដីអ៊ុយក្រែនប្រមាណជាងមួយឆ្នាំមកនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការជម្រុញឱ្យលោក ស៊ី ជិនពីង ធ្វើការជជែកគ្នាជាមួយនឹងមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ផងដែរពាក់ព័ន្ធនឹងសំណើរកសន្តិភាពរបស់ចិនក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយនឹងលោក Macron កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោក Xi Jinping «បានរំលឹកឡើងវិញនូវឆន្ទៈរបស់លោកក្នុងការចង់និយាយ» ជាមួយមេដឹកនាំអ៊ុយក្រែន «នៅពេលដែលលក្ខខណ្ឌ និងពេលវេលាមានលក្ខណៈ សមស្រប»។ លោកស្រី Ursula von der Leyen បានថ្លែងកត់សម្គាល់នូវសារៈសំខាន់នៃដំណើរទស្សនកិច្ចក្នុងប្រទេសចិននាពេលនេះ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងថា «ដំណើរទស្សនកិច្ច នេះបានកើតឡើងក្នុងស្ថានភាពប្រែប្រួលលឿននិងមានការប្រឈមឧបសគ្គ ជាពិសេស ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន»។ លោកស្រីថ្លែងបន្តថា «គោលជំហររបស់ចិនលើបញ្ហានេះ គឺមានសារៈសំខាន់ចាំបាច់ណាស់ សម្រាប់សហគមន៍អឺរ៉ុប។ ដូច្នេះក្នុងនាមជាសមាជិកមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិនត្រូវតែមានការទទួលខុសត្រូវ និងយើង រំពឹងថាចិននឹងដើរ តួនាទីនេះរបស់ខ្លួន និងលើកតម្កើងសន្តិភាពដោយយុត្តិធម៌ ដែលជាសន្តិភាព មួយគោរពដល់បូរណភាពទឹកដីរបស់អ៊ុយក្រែននិង ដែលជាគ្រឹះមូលដ្ឋានមួយនៃធម្មនុញ្ញ អង្គការសហប្រជាជាតិ»

Math Nasart, [4/7/2023 5:58 PM]
ដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំងនិងប្រធានគណៈកម្មការអឺរ៉ុបក្នុងប្រទេសចិន បានធ្វើឡើងទន្ទឹមនឹងភាពទ័លច្រកមិនអាចដោះស្រាយបាននូវជម្លោះសង្គ្រាម អូសបន្លាយជាងមួយឆ្នាំមកនេះ បានធ្វើឱ្យពលរដ្ឋក្នុងទ្វីបអឺរ៉ុប បានជួបប្រទះនឹងចំណោទបញ្ហានានានៃវិបត្តិតាមប្រទេសរបស់ខ្លួន ដោយសារតែគោលនយោបាយរបស់ រដ្ឋាភិបាលប្រទេសក្នុងទ្វីបអឺរ៉ុប បានដើរតាមកន្ទុយខ្សែញាក់របស់សហរដ្ឋអាមេរិកដើម្បីធ្វើសង្គ្រាមបន្សាបឥទ្ធិពលរុស្ស៊ី។ ការធ្វើសង្គ្រាមនោះ មិនត្រឹមតែធ្វើឱ្យមាន មនុស្សស្លាប់ និងរបួសច្រើនសិបម៉ឺននាក់, មានមនុស្សធ្វើចំណាកស្រុកនិងជនភៀសខ្លួនច្រើនលាននាក់ប៉ុណ្ណោះទេ, សង្គ្រាមអ៊ុយក្រែនបាន នាំឱ្យមានវិបត្តិនៃទំនិញ ឡើងថ្លៃ, បញ្ហាចំណោទប្រេង, បញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងមិនត្រឹមតែប៉ុណ្ណោះ សង្គ្រាមបាននាំឱ្យមានការបែកចែងគ្នារវាងប្រទេសលើសកលលោក ដែលគាំទ្រ និងមិនគាំទ្រនយោបាយប្រទេសមហាអំណាចថែមទៀត។

បើសិនជាសង្គ្រាមនេះ នៅតែបន្តអូសបន្លាយ ប្រទេសក្នុងសហគមន៍អឺរ៉ុប នឹងមិនអាចមានភាពស្ងប់ស្ងាត់ដូចអ្វីដែល ធ្លាប់តែកើតមានពីអតីតកាលមុនសង្គ្រាមផ្ទុះ នោះឡើយ។ ការផ្ទុះបាតុកម្មដោយសារតែវិបត្តិនៃសង្គ្រាមនេះ ត្រូវគេឃើញបានកើតឡើងតាមប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប និងបាតុកម្ម ចេះតែបន្តដោយសារតែមិនអាច ដោះស្រាយបំបាត់នូវជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ដំណើររបស់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុង និងប្រធានសហភាពអឺរ៉ុប ទៅកាន់ប្រទេសចិនក្នុងពេលនេះទៀត បានធ្វើឡើងខណៈដែលប្រទេសលោកខាង លិច បានដាក់ការសង្ស័យលើរដ្ឋាភិបាលក្រុងប៉េកាំងថាបានផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ី ខណៈដែលអ៊ុយក្រែនត្រៀមនឹងបើកយុទ្ធនា ការវាយលុកនាពេលឆាប់ៗ ខាងមុខនេះក្នុងបំណងរំដោះទឹកដីភាគខាងកើតប្រទេសដែលរុស្ស៊ី បានចូលកាន់កាប់។ ប្រទេសចិននិងរុស្ស៊ី គឺជាប្រទេសធំ, ជាប្រទេសនៃមហាអំណាចនុយក្លេអ៊ែរ, ជាប្រទេសដែលមានព្រំដែនជាប់គ្នា និងជាប្រទេសនៃដៃគូយុទ្ធសាស្ត្រទូលំទូលាយ និង ប្រទេសទាំង២គឺជាដៃគូរវាងគ្នាក្នុងសមា ជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់ អង្គការសហប្រជាជាតិ ថែមទៀត។

សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអង្គការណាតូ ចង់ប្រើប្រាស់សង្គ្រាមដើម្បីបំបាក់ភាព ខ្លាំងរបស់រុស្សីដែល រំពឹងថានឹងបង្ខំឱ្យរុស្ស៊ីចូលតុចរចាដើម្បីធ្វើការដកកងទ័ព របស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែ បើសិនជាមានការជួយធ្វើអន្តរាគមន៍ណាមួយពីប្រទេសចិន ជួយរុស្ស៊ីវិញនោះ ក្តីសង្ឈឹមលើការប្រើសង្គ្រាមដើម្បីធ្វើឱ្យរុស្ស៊ី ទន់ខ្សោយ ក្នុងឆ្នាំ២០២៣នេះ នឹងមិនអាចក្លាយជាការពិតបានឡើយ។ ដូច្នេះ ប្រទេសចិន គឺជាប្រទេសនៃគន្លឹះតែមួយគត់ ដែលអាចដោះស្រាយលើកូនសោររកសន្តិភាពនៃសង្គ្រាម រវាងរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។ ក្រោយដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងនិងលោកស្រី Ursula von der Leyen , សេចក្តីរាយការណ៍បង្ហាញថា មន្ត្រីគ្រប់គ្រង នយោបាយការបរទេស សហគមន៍អឺរ៉ុបលោក Josep Berrell គ្រោងនឹងធ្វើទស្សនកិច្ចមកប្រទេសចិនថែមទៀតរវាងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។

នៅក្នុងជំនួបពិភាក្សារវាងមេដឹកនាំបារាំងនិងចិនក្នុងរដ្ឋធានីប៉េកាំងនោះ លោក ម៉ាក្រុង បាននិយាយថា លោកខាងលិច ត្រូវតែឲ្យប្រទេសចិនចូលរួមដើម្បីជួយបញ្ចប់វិបត្តិនេះ ហើយទប់ស្កាត់កុំឲ្យភាពតានតឹងកើនឡើងលែងគ្រប់គ្រងបាន ដែលអាចធ្វើឲ្យមហា អំណាចពិភពលោកត្រូវបែងចែកប្លុកជម្លោះរវាងគ្នានិងគ្នា។ ប្រទេសបារាំង បាននិយាយ ថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ជាការពិភាក្សាចេញពីទឹកចិត្តស្មោះស និងជួយកែលម្អ…ចំណែកប្រទេសចិនវិញ បានចាត់ទុកថាការពិភាក្សានោះ គឺមានលក្ខណៈ មិត្តភាព ហើយនិងស៊ីជម្រៅ។ លោក ម៉ាក្រុង ក៏បានជំរុញឲ្យលោកស៊ីជិនពីង ដាក់សម្ពាធលើរុស្ស៊ី ដើម្បីឱ្យគោរពតាមច្បាប់ ទម្លាប់អន្តរជាតិ ទាក់ទិននឹងការមិនធ្វើឲ្យ សាយភាយអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន វេលាថ្មីៗនេះ បានថ្លែងថា លោកនឹងដំឡើង ស្ថានីយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុសដែលនៅជាប់ នឹងប្រទេស អ៊ុយក្រែន។ ប្រទេសចិនបានអះអាងនូវជំហរអព្យាក្រឹតភាព ក្នុងសង្គ្រាមអ៊ុយក្រែន និងបានបង្ហាញអំពីផែនការសន្តិភាព១២ចំណុចរបស់ខ្លួនដាក់ចេញកាលពីខែកុម្ភៈ ប៉ុន្តែ សហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិចបែរជាយល់ថា ចិនមិនសក្តិសមជាអ្នកដើរតួរកសន្តិភាពក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះឡើយ ដោយសារតែ ការចោទថាចិនមានទំនោរលំអៀងទៅរដ្ឋាភិបាលវិមានក្រឹមឡាំង និងថែមទាំងសង្ស័យថាចិនជាប្រទេសផ្តល់ជំនួយយោធាដល់រុស្ស៊ីថែមទៀត។ អ៊ុយក្រែន និងប្រទេស លោកខាងលិច បានជំរុញឱ្យរុស្ស៊ីត្រូវដកកម្លាំងរបស់ខ្លួនថយ ចេញពីទឹកដីអ៊ុយក្រែនសិនដើម្បីជាការបើកច្រកស្វែងរកការចរចា ប៉ុន្តែរុស្ស៊ីមិនយល់ស្របនឹង ការទាមទារនោះឡើយ។

សេចក្តីរាយការណ៍របស់កាសែត Moscow Times នៅជាមួយគ្នានេះ បានដកស្រង់សម្តីមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីនដែលបានជួបជាមួយមេដឹកនាំគ្រប់គ្រង តំបន់ ទាំង៤ Donetsk, Luhansk, Zaporizhzhia និង Kherson បញ្ជាក់ប្រាប់ពួកគេទាំងឡាយថា គោលបំណងរបស់រុស្ស៊ីគឺការវាយរុញច្រានកម្លាំងទាហានអ៊ុយក្រែនបណ្តេញ ចេញឱ្យឆ្ងាយដើម្បីកុំឱ្យពួកគេអាចបង្កជម្លោះប៉ះពាល់ដាក់មកលើទឹកដីរុស្ស៊ីគ្រប់គ្រង។ កាសែត Moscow Times នៅបានលើកសម្តីប្រតិកម្មរបស់មន្ត្រីនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov ចំពោះដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងដែលចង់ឱ្យចិនដាក់សម្ពាធមកលើប្រទេសរុស្ស៊ីនោះថា «គេមិនមានឃើញនូវចក្ខុវិស័យ ណាមួយសម្រាប់ចិនដើម្បីធ្វើជាអ្នកសម្របសម្រួលចំពោះទំនាស់ក្នុង អ៊ុយក្រែននោះឡើយ»។

លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីនឹងមិនមានជំរើសផ្សេងណាជាងការត្រូវប្រកាន់យកការវាយលុករបស់ខ្លួននោះដែរ។ លោកបានពន្យល់ថា ស្ថានភាពជាមួយ អ៊ុយក្រែនមានភាពស្មុគស្មាញ ដែលរហូតមកទល់នឹងពេលនេះវាគ្មានច្រកទៅមុខណាមួយរួចសម្រាប់ដំណោះស្រាយនយោបាយ នោះឡើយ។ នៅជាមួយគ្នានេះផងដែរ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានថ្លែងវាយតម្លៃទៀតថា ឱកាសនៃកិច្ចចរចាសន្តិភាពដែលចាប់ផ្តើមនៅឆ្នាំនេះ គឺស្ថិតក្នុងចំណុច «សូន្យ»…ចំណែក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនលោក Mykhailo Podolyak ពីក្រុងកៀវ ក៏បានច្រានចោលការពិភាក្សា ជាមួយនឹងក្រុងមូស្គូអំពី រឿងទឹកដីនោះដែរ រហូតដល់រុស្ស៊ី ដកកងទ័ព ទាំងអស់ចេញពីទឹកដី អ៊ុយក្រែនរួមទាំងតំបន់គ្រីមៀរថែមទៀត។

ដូច្នេះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងជាមួយនឹងលោកស្រី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងប្រទេសចិន ដែលបញ្ចប់នៅថ្ងៃសុក្រ ទី៧ ខែមេសានេះ ទំនងមិនអាចទាញឱ្យរុស្ស៊ីនិងអ៊ុយក្រែននាំគ្នាងាកមក រកតុចរចាដើម្បីបញ្ចប់សង្គ្រាមបានឡើយ។ គេរំពឹងថា ការវាយប្រហារក្នុងរដូវ Spring ឈាន មកដល់នេះ នឹងមិនអាចចៀសផុតបានឡើយ៕