(តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់លោក ម៉ា យីងជាវ (Ma Ying Jeou) នៅថ្ងៃសុក្រនេះ បាននិយាយថា ភាពតានតឹងជាមួយចិនបានបន្តកើនឡើង នៅក្រោមរដ្ឋាភិបាលតៃវ៉ាន់សព្វថ្ងៃ ហើយនៅថ្ងៃខាងមុខដែនកោះនេះ នឹងត្រូវប្រឈមមុខនឹងជម្រើសពីរ គឺរវាងសន្តិភាពនិងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះធំបំផុតរបស់តៃវ៉ាន់ ក្រោយត្រឡប់មកពីការបំពេញទស្សនកិច្ច សរុបរយៈពេល១២ថ្ងៃ នៅឯប្រទេសចិន លោក ម៉ា បាននិយាយយ៉ាងដូច្នេះថា «រដ្ឋាភិបាលរបស់យើង នៅតែកំពុងបន្តដឹកនាំតៃវ៉ាន់ឆ្ពោះទៅរកគ្រោះថ្នាក់។ នាពេលអនាគត នឹងត្រូវជ្រើសរើសរវាងជម្រើសពីរ គឺសន្តិភាពនិងសង្រ្គាម»។ លោក ម៉ា គឺជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេបំផុត ដែលបានទៅបំពេញទស្សនកិច្ចនៅចិន ខណៈមកទល់ពេលនេះ មិនធ្លាប់មានមេដឹកនាំតៃវ៉ាន់ដែលកំពុងកាន់អំណាច ទៅបំពេញទស្សនកិច្ចនៅទីនោះឡើយ គិតចាប់តាំងពីឆ្នាំ១៩៤៩មក។
លោក ម៉ា យីងជាវ ធ្លាប់កាន់តំណែងជាមេដឹកនាំតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨-២០១៦ ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃគណបក្សគួមីនតាង (Kuomintang ឬ KMT)។ គួមីនតាងដែលបច្ចុប្បន្នជាគណបក្សប្រឆាំង គឺប្រកាន់ជំហរឱ្យចង់មានទំនាក់ទំនងកក់ក្តៅជាមួយចិន។ កាលពីឆ្នាំ២០១៥ លោក ម៉ា ថែមទាំងបានជួបមុខគ្នាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅសិង្ហបុរីទៀតផង។ យ៉ាងណាមិញ កំលុងទស្សនកិច្ចកន្លងទៅនេះ លោកមិនបានជួបជាមួយថ្នាក់ដឹកនាំចិននោះទេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ា នៅប្រទេសចិន កើតមាន ស្របពេលភាពតានតឹងជាមួយចិនបានកើនឡើង ជាពិសេសគឺក្នុងសប្តាហ៍នេះតែម្តង ដោយសារជំនួបរវាងមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) កំលុងការឆ្លៀតឈប់សម្រាករបស់លោកស្រីនៅសហរដ្ឋអាមេរិក ក្នុងដំណើរត្រឡប់មកពីបំពេញទស្សនកិច្ច នៅតំបន់អាមេរិកកណ្តាលវិញ៕