(តូក្យូ)៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សុ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបន្តដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង រយៈពេលពីរឆ្នាំទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ម៉ាស៊ូណូ បានគូសបញ្ជាក់ថា «ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃនេះ ដើម្បីបន្តការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងរយៈពេលពីរឆ្នាំបន្ថែមទៀត។ នេះជាការសម្រេចចិត្តដ៏ចាំបាច់ ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

លោក ម៉ាស៊ូណូ បានបន្ថែមថា «រដ្ឋាភិបាលជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក ការដោះស្រាយកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ក៏ដូចជុំវិញបញ្ហាជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយប្រតិបត្តិការចារកម្មកូរ៉េខាងជើង ជាដើម»

គួរបញ្ជាក់ថា ជប៉ុនបានដាក់ទណ្ឌកម្មជាឯកតោភាគីលើកដំបូង លើកូរ៉េខាងជើងនៅក្នុងឆ្នាំ២០០៦ បន្ទាប់ពីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរ។ ការរឹតបន្តឹងនេះផ្តោតជាចម្បងលើការនាំចូល និងនាំចេញទំនិញ ហើយហាមឃាត់នាវាកូរ៉េខាងជើងមិនឲ្យឆ្លងកាត់កំពង់ផែជប៉ុន។ ចាប់តាំងពីការដាក់ទណ្ឌកម្មនោះមក ជប៉ុនបានពន្យារពេលម្តងហើយម្តងទៀត ខណៈដែលក្រុមហ៊ុន នាវា និងបុគ្គល ក្រោមទណ្ឌកម្មនេះកាន់តែរងផលប៉ះពាល់ថែមទៀត៕