(វ៉ាស៉ីនតោន)៖ សមាជិកជាន់ខ្ពស់មួយរូបនៃសភាអាមេរិក នៅថ្ងៃសុក្រនេះបាននិយាយថា លោកកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនការដឹកជញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ ដោយស្នើដល់ប្រទេសផ្សេងទៀតដែលមានអាវុធ អាចលក់តៃវ៉ាន់បាន ក្រោមការអនុញ្ញាតពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ចាប់តាំងពីឆ្នាំ២០២២មក តៃវ៉ាន់បានត្អូញត្អែរពីការពន្យារពេលប្រគល់សព្វាវុធរបស់សហរដ្ឋអាមេរិក ដូចជាមីស៉ីលប្រឆាំងយន្តហោះ Stinger ជាដើម ខណៈក្រុមហ៊ុនអាមេរិកបានបង្វែរការផ្គត់ផ្គង់នេះទៅឲ្យអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពេលស្ថិត នៅកោះតៃវ៉ាន់ លោក មីកឈែល ម៉ាកខូល (Michael McCaul) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បាននិយាយថា តៃវ៉ាន់ចាំបាច់ត្រូវមានលទ្ធភាពទទួលបានអាវុធ ខណៈកំពុងប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសចិន។

នៅពេលជួប លោក យូ ស៉ីគុន ( You Si-kun) ប្រធានសភារបស់តៃវ៉ាន់ លោក ម៉ាកខូល បានគូសបញ្ជាក់ថា «សម្រាប់បញ្ហាអាវុធ ខ្ញុំបានចុះហត្ថលេខាលើគម្រោងប្រគល់អាវុធទាំងនោះ ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីពន្លឿនរឿងនេះ។ លោក ម៉ាកខូល បានបន្ថែម ថា «នេះជាតម្រូវការក្នុងការជួយពង្រឹងដល់សមត្ថភាពតៃវ៉ាន់ លើការការពាខ្លួនឯង»

គួរបញ្ជាក់ថា លោក ម៉ាខូល ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កំពុងត្រូវបានអមដំណើរដោយសមាជិកសភា ៧រូបផ្សេងផ្សេងទៀត ក្នុងដំណើរទស្សនកិច្ចរួមគ្នាជាមួយគណបក្សប្រជាធិបតេយ្យ នៅទីក្រុងតៃប៉ិ ក្នុងសប្តាហ៍តែមួយនៃការជួបគ្នារវាង លោកស្រី សៃ អ៉ីវិន មេដឹកនាំតៃវ៉ាន់ និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវីន ម៉ាកខេធី (Kevin McCarthy) ក្នុងឱកាសឈប់សំចតលើទឹកដីសហរដ្ឋអាមេរិក។ លោក ម៉ាកខូល គ្រោងនឹងជួបលោកស្រី សៃ នៅថ្ងៃសុក្រនេះ ពេលលោកស្រីត្រឡប់មកដល់ទីក្រុងតៃប៉ិ វិញ៕