(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ប៉ុន្តែបាននិយាយថា ដំណើរការដកខ្លួនកាលពីឆ្នាំ២០២១នោះ គូសរំលេចឱ្យឃើញថា ទីក្រុងវ៉ាស៉ីនតោនចាំបាច់​ត្រូវត្រៀមលក្ខណៈឱ្យបានប្រសើរជាងនេះ សម្រាប់សេណារីយ៉ូដែលមានហានិភ័យខ្ពស់ ក្នុងពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍សង្ខេប ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ដែលជាប់ពាក់ព័ន្ធ​ក្នុងដំណើរការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន បាននាំគ្នាទម្លាក់កំហុសលើរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់បញ្ហាផ្សេងៗដែលបាននាំឱ្យកើតមានភាពចលាចល កំលុងប៉ុន្មានថ្ងៃចុងក្រោយនៃការដកខ្លួនរបស់សហរដ្ឋអាមេរិក។ របាយការណ៍​បានសង្កត់ធ្ងន់ដូច្នេះថា «ជម្រើសរបស់ប្រធានាធិបតី បៃដិន សម្រាប់មធ្យោបាយដើម្បីអនុវត្តដំណើរការដកទ័ពពីអាហ្វហ្កានីស្ថាន គឺត្រូវបានរឹតត្បិតជាខ្លាំង ដោយសារតែលក្ខខណ្ឌបង្កើតឡើងដោយ ប្រធានាធិបតីដែលកាន់អំណាចមុនលោក»

រដ្ឋាភិបាលលោក ដូណាល់ ត្រាំ គឺជាអ្នកដែលបានចរចាកិច្ចព្រមព្រៀងដកទ័ពជាមួយក្រុមតាលីបង់ ហើយលោក ចូ បៃដិន បានសន្យាថានឹងគោរពតាមកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែរបាយការណ៍សង្ខេបខាងលើ បានរិះគន់ចំពោះអតីតប្រធានាធិបតី ដែលមកពីបក្សសាធារណរដ្ឋរូបនេះ សម្រាប់បញ្ហាខ្វះការរៀបចំផែនការ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែលរដ្ឋបាលខ្លួនបានចរចា។

របាយការណ៍បានអះអាងដូច្នេះថា «កំលុងការធ្វើអន្តរកាលពីរដ្ឋបាលលោក ត្រាំ មកកាន់រដ្ឋបាលលោក បៃដិន រដ្ឋបាលដែលចប់អាណត្តិ មិនបានផ្តល់ផែនការណាមួយ អំពីរបៀបដែលត្រូវអនុវត្តការដកទ័ពដំណាក់កាលចុងក្រោយ ឬរបៀបដើម្បីជម្លៀសពលរដ្ឋអាមេរិក ព្រមទាំង​ពលរដ្ឋអាហ្វហ្កានីស្ថាន ដែលធ្វើការឱ្យទីក្រុងវ៉ាស៉ីនតោននោះឡើយ។ សូម្បីតែនៅពេលលោក បៃដិន ចូលកាន់អំណាច ក៏មិនទាន់មាន​ផែនការនេះដែរ ខណៈកាលបរិច្ឆេទដែលត្រូវបានព្រមព្រៀងគ្នា ជុំវិញការដកខ្លួនឱ្យផុតពីអាហ្វហ្កានីស្ថាន នៅសល់ពេលត្រឹមប៉ុន្មានខែទៀត​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលគាំទ្រដោយអន្តរជាតិ បានដួលរលំកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ នៅពេល​ក្រុមតាលីបង់បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កំលុងដំណើរការដកទ័ពរបស់អាមេរិក។ កងទ័ពអាមេរិកបានចំណាយពេល២សប្តាហ៍ ចាប់ពីពេលនោះ នៅព្រលានយន្តហោះកាប៊ុល ដើម្បីធ្វើប្រតិបត្តិការជម្លៀសពលរដ្ឋអាមេរិក ហើយនិងជនជាតិអាហ្វហ្កានីស្ថាន។ កំលុង​ប្រតិបត្តិការជម្លៀស ក្រុម ISIS ប្រចាំនៅអាហ្វហ្កានីស្ថាន ក៏បានវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដែលផ្តាច់ជីវិតមនុស្សយ៉ាងហោច ១៧៥នាក់ រួមមានទាំងទាហានអាមេរិក១៣នាក់ផងដែរ ជាហេតុនាំឱ្យស្ថានការណ៍កាន់តែចលាចល។

យ៉ាងណាក្តី ខណៈរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មិនបានទទួលស្គាល់ដោយបើកចំហ អំពីកំហុសឆ្គងរបស់រដ្ឋបាលលោក ចូ បៃដិន កំលុងការដកទ័ពនៅអាហ្វហ្កានីស្ថានក៏ដោយ របាយការណ៍នោះបានលើកឡើងថា សហរដ្ឋអាមេរិកបានរៀនពីមេរៀន ដើម្បីត្រៀមលក្ខណៈ​ឱ្យប្រសើរនិងទាន់ពេលវេលាជាងមុន សម្រាប់ការជម្លៀសមនុស្ស ក៏ដូចជាសម្រាប់សេណារីយ៉ូដែលអាក្រក់ៗបំផុត៕