(ប៉េកាំង)៖ ចិនបានបន្តចល័តនាវាចម្បាំងនិងយន្តហោះយោធាទៅក្បែរតៃវ៉ាន់ សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា ចំពោះមុខការខឹងសម្បារជុំវិញជំនួបក្នុងសប្តាហ៍នេះ រវាងមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ហើយនិងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងនៅថ្ងៃសុក្រនេះថា នាវាចម្បាំងចិន៣គ្រឿងបានធ្វើនាវាចរណ៍ មកក្នុងដែនទឹកនៅក្បែរកោះតៃវ៉ាន់ ខណៈយន្តហោះចម្បាំង១គ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងានាវាមុជទឹក១គ្រឿង ក៏បានធ្វើដំណើរឆ្លងចូលមកក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ADIZ របស់តៃវ៉ាន់ផងដែរ។ កាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង (Shandong) ត្រូវបានប្រទះឃើញធ្វើដំណើរឆ្លងកាត់ ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិក ដែលវាបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកស្រី សៃ ជួបលោក ម៉ាក់ខាធី នៅទីក្រុងឡូសអាន់ជេឡែស។
គួរបញ្ជាក់ថា រីឯកាលពីថ្ងៃព្រហស្បតិ៍វិញ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យោធាចិនបានបញ្ជូនឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ១គ្រឿង និងនាវាចម្បាំង៣គ្រឿង មកជុំវិញដែនកោះនេះ។ មុនជំនួបរវាងលោកស្រី សៃ និងលោក ម៉ាក់ខាធី ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន បានចេញសារព្រមានម្តងហើយម្តងទៀត កុំឱ្យរឿងនោះកើតឡើង៕