(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីកំណត់អ្នកនៅរស់រានមានជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលមានផ្ទុកមនុស្ស ១០នាក់ បានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរកូនកោះមីយ៉ាកូជីម៉ា (Miyakojima) ដែលជាផ្នែកមួយនៃប្រជុំកោះអូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគនិរតីនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៉ិតា (Yasunori Morishita) មេបញ្ជាការកងកម្លាំងស្វ័យការពារដីគោក (GSDF) បាននិយាយថា ឧទ្ធម្ភាគចក្រ UH60 ដែលស្គាល់ជាទូទៅថា Black Hawk សម្រាប់ដឹកជញ្ជូនកងទ័ពបានបាត់ចេញពីដានរ៉ាដា ក្រោយចាកចេញពីមូលដ្ឋានទ័ពនៃកោះ Miyakojima។ ឧទ្ធម្ភាគចក្រនេះបានធ្វើប្រតិបត្តិការល្បាតដែនទឹកជុំវិញដែនកោះ Miyakojima ក្រោមបេសកកម្មឈ្លបយកការណ៍តាមផ្លូវអាកាស។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បានគូសបញ្ជាក់ថា អាទិភាពរបស់រដ្ឋាភិបាលនៅពេលនេះ គឺការជួយសង្គ្រោះអ្នកនៅលើយន្តហោះ។ ពេលនេះ ឆ្មាំឆ្នេរសមុទ្រជប៉ុន នាវាយោធា និងយន្តហោះ ដែលបានរកឃើញបំណែកឧទ្ធម្ភាគចក្រនេះ កំពុងស្វែងរកសមាជិកពីឡុត ៤នាក់ រួមទាំងអ្នកដំណើរ ៦នាក់ទៀតដែលបានបាត់ខ្លួន។ លោក យូអ៉ីឈិ សាកាម៉ូតូ (Yuichi Sakamoto) ដែលជាមេបញ្ជាការជាន់ខ្ពស់មួយរូបនៃ GSDF ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា ចំពេលមានភាពតានតឹងលើជំនួបនៃមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវីន ម៉ាកខេធី ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ យ៉ាងហោចណាស់មាននាវាចម្បាំងចិនចំនួន ៣គ្រឿងបានធ្វើដំណើរឆ្លងកាត់កោះនេះ។ តែបើទោះបីជាបែបនេះក្តី លោក ម៉ូរីស៉ិតា មិនបានលើកឡើងទេថាតើឧទ្ធម្ភាគចក្រនោះមានជាប់ពាក់ព័ន្ធ នឹងការតាមដានសកម្មភាពយោធាចិនណាមួយឡើយ៕