(សេអ៊ូល)៖ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បាននាំគ្នាបង្ហាញក្តីបារម្ភជាខ្លាំង ជុំវិញសកម្មភាពតាមប្រព័ន្ធព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ដែលបម្រើដល់កម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៉ីលរបស់​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ចំពោះមុខការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៉ីលរបស់កូរ៉េខាងជើង ក្រុមប្រេសិតនុយក្លេអ៊ែរអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចពិភាក្សា នៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ និងបានថ្កោលទោសការធ្វើតេស្តសព្វាវុធឥតឈប់ឈររបស់ប្រទេសឯកោមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមខាងលើ ប្រេសិតអាមេរិក​និងសម្ព័ន្ធមិត្តរបស់ខ្លួន បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅតែមានក្តីកង្វល់ថា ​បុគ្គលិក IT របស់កូរ៉េខាងជើងនៅក្រៅប្រទេស បន្តប្រើអត្តសញ្ញាណនិងសញ្ជាតិក្លែងក្លាយ ដើម្បីគេចវេះពីទណ្ឌកម្មរបស់ UN ហើយរៃអង្គាសមូលនិធិ សម្រាប់កម្មវិធីមីស៉ីលនិងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង»។

«យើងក៏បារម្ភយ៉ាងខ្លាំងផងដែរ អំពីការដែលកូរ៉េខាងជើងគាំទ្រកម្មវិធីសព្វាវុធទាំងនេះ តាមរយៈការលួចក៏ដូចជាលាងលុយ រួមជាមួយនឹង​ការប្រមូលព័ត៌មានផ្សេងៗ តាមសកម្មភាពប្រព័ន្ធព័ត៌មានវិទ្យាអាក្រក់ៗ»។ សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមយ៉ាងដូច្នេះ ហើយទទូចឱ្យ​បណ្តារដ្ឋជាសមាជិក UN ទាំងអស់ ចូលរួមគោរពអនុវត្តតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីស្វែងរកនិងបញ្ជូនពលកររបស់កូរ៉េខាងជើង ដែលមានវត្តមាននៅក្នុងប្រទេសពួកគេ ឱ្យត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ។

គួរបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងស្ថិតនៅកម្រិតខ្ពស់ ស្របពេលដែលកងកម្លាំងយោធាអាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើ​សមយុទ្ធចម្រុះបែប ចាប់តាំងពីខែមីនាមក ហើយទីក្រុងព្យុងយ៉ាងក៏បានបង្កើនសកម្មភាពធ្វើតេស្តសព្វាវុធ ជាការឆ្លើយតបផងដែរ។ រីឯ​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងថែមទាំងបានចោទប្រកាន់ថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល កំពុងតែរុញច្រានភាព​តានតឹងខិតទៅរកមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារបស់ពួកគេ៕