(ហ្សេរ៊ុយសាឡិម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល បានទទួលយកសំណើរបស់ប្រទេសហ្វាំងឡង់ ក្នុងការទិញប្រព័ន្ធអាវុធ David's Sling ដែលពីមុនគេស្គាល់ថា Magic Wand និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់យន្តហោះ ដ្រូន មីស៊ីលផ្លោងយុទ្ធសាស្ត្រ គ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យម រយៈចម្ងាយឆ្ងាយ និងមីស៉ីលគ្រូសដែលបាញ់ចម្ងាយចាប់ពី ៤០ទៅ ៣០០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពីធ្វើការជ្រើសរើសអស់រយៈពេលពីរ ទៅបីឆ្នាំមកនេះ ក្រសួងការពារជាតិហ្វាំងឡង់ សម្រេចចិត្តទិញប្រព័ន្ធអាវុធកម្រិតខ្ពស់ពីអ៉ីស្រាអែល ហើយក្រសួងការពារជាតិអ៉ីស្រាអែល អាចនឹងអនុវត្តការចែកចាយអាវុធដល់បរទេសជាលើកដំបូងរបស់ខ្លួន ជាមួយនិងប្រព័ន្ធអាវុធ David's Sling នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការពារជាតិអ៉ីស្រាអែល បានឲ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀង អ៉ីស្រាអែលនឹងផ្គត់ផ្គង់ប្រព័ន្ធអាវុធ David's Sling ដល់ប្រទេសហ្វាំងឡង់ ដែលរួមមានទាំងឧបករណ៍ស្ទាក់ចាប់មីស៉ីល និងរ៉ាដា ដោយត្រូវដំឡើងទៅក្នុងប្រព័ន្ធបញ្ជា និងគ្រប់គ្រងរបស់ប្រទេសហ្វាំងឡង់។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៣១៦លានអឺរ៉ូ ឬប្រមាណ ៣៤៥លានដុល្លារអាមេរិក ហើយដោយផ្អែកលើការពិតដែលថាប្រព័ន្ធនេះត្រូវបានរចនាឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក ដោយវាក៏នឹងតម្រូវឲ្យមានការអនុញ្ញាតឲ្យនាំចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ផងដែរ៕