(បាងកក)៖ ក្រុមមន្ត្រីថៃ បានឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់បាននាំគ្នាឆ្លងព្រំដែនចូលមកប្រទេសថៃ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ជាមួយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកើតមានឡើង នៅជិតព្រំដែនជាមួយទីក្រុងមីយ៉ាវ៉ាតឌី (Myawaddy) ដែលស្ថិតនៅឯភាគខាងត្បូង នៃរដ្ឋការ៉ែន (Karen) ដែលត្រូវបានគេស្គាល់ថាជាតំបន់កាយីន (Kayin) ជាប់ខេត្តតាក (Tak) របស់ប្រទេសថៃ។ មន្ត្រីនៅខេត្ត Tak បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែល ៣,៩៩៨នាក់បានភៀសខ្លួន ចូលទៅក្នុងទីស្នាក់បណ្តោះអាសន្នរបស់ប្រទេសថៃ នៅទូទាំង ១០តំបន់។

បើតាមកាសែត Khaosod English របស់ប្រទេសថៃ និង BBC ភូមា ការប្រយុទ្ធគ្នានេះផ្ទុះឡើងក្រោយពីមានការវាយប្រហារលើប៉ុស្តិ៍ការពារព្រំដែន ពីសំណាក់ក្រុមយុទ្ធជនប្រដាប់អាវុធមកពីកងទ័ពរំដោះជាតិការ៉ែន (Karen)។ ចាប់តាំងពីមានរដ្ឋប្រហារមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនដូចជា KNLA ដែលបានប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធអស់ជាច្រើនទស្សវត្សរ៍ បានចូលរួមកម្លាំងជាមួយក្រុមប្រឆាំងរដ្ឋប្រហារ ដើម្បីព្យាយាម និងបង្ខំមេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា ចុះចេញពីអំណាច។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល នៅពេលដែលយោធាដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ២០២១ បង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបះបោរប្រដាប់អាវុធ។ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ឲ្យដឹងថា យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ដោយបានសម្លាប់មនុស្សប្រហែល ៣,២១១នាក់ និងចាប់ដាក់ពន្ធនាគារចំនួន ១៧,០០០នាក់៕