(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ទីក្រុងប៉េកាំង បានដាក់ទណ្ឌកម្មបន្ថែមទៅលើ លោកស្រី សៀវម៉ី ជីន (Hsiao Bi-khim) អ្នកតំណាងផ្នែកការទូតរបស់តៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក ដោយការហាមឃាត់លោកស្រី និងសមាជិកគ្រួសារ មិនឲ្យចូលទៅមកកាន់ចិនដីគោក ហុងកុង និងម៉ាកាវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការសម្រេចបន្ថែមទណ្ឌកម្មនេះ ត្រូវបានប្រកាសដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ហើយក៏បានហាមឃាត់អ្នកវិនិយោគ និងក្រុមហ៊ុន មិនឲ្យពាក់ព័ន្ធនឹង លោកស្រី សៀវ ទាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងបុគ្គល។ យ៉ាងនេះក្តី ទណ្ឌកម្មរបស់ចិននឹងមានផលប៉ះពាល់ជាក់ស្តែងតិចតួចប៉ុណ្ណោះ ខណៈដែល មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មិនធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលតុលាការចិនក៏មិនមានយុត្តាធិការនៅតៃវ៉ាន់។

គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានជួបប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) កំលុងពេលឈប់សំចតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ។

កាលពីខែសីហា ឆ្នាំ២០២២ បន្ទាប់ពីអតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ចិនបានដាក់ទណ្ឌកម្ម ដែលរួមមានការហាមប្រាមលើមន្ត្រី និងសមាជិកសភាតៃវ៉ាន់ចំនួន៧រូបរួចមកហើយ មានដូចជាលោកស្រី សៀវ និងរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខតៃវ៉ាន់ លោក វីលលីងតុន គូ (Wellington Koo) ក៏ដូចជាអ្នកនយោបាយផ្សេងទៀត មកពីគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលកំពុងកាន់អំណាចនៅតៃវ៉ាន់៕