(អូតាវ៉ា)៖ កាណាដា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាខ្លួននឹងបញ្ជូនយន្ដហោះយោធាមួយគ្រឿង ទៅកាន់ប្រទេសជប៉ុន ដើម្បីគាំទ្រដល់អនុវត្ត ក៏ដូចជាពង្រឹង ការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការប្រកាសខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន់ (Anita Anand)។ បើតាមលោកស្រី អានីតា យន្ដហោះយោធាដែលត្រូវ បញ្ជូនទៅជប៉ុន ជាប្រភេទយន្ដហោះល្បាតសមុទ្រធុន CP-140 Aurora។ ក្នុងរយៈពេល៦សប្ដាហ៍ យន្ដហោះនេះនឹងធ្វើការតាមដានរាល់សកម្មភាពសង្ស័យពាក់ព័ន្ធនឹង ការបំពានលើទណ្ឌកម្ម ជាពិសេសគឺការផ្ទេរប្រេងឥន្ធនៈ និងទំនិញដែលស្ថិតក្រោមទណ្ឌកម្មក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីកប៉ាល់មួយទៅកប៉ាល់មួយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានជាប់នៅក្រោមទណ្ឌកម្មអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ជុំវិញការធ្វើតេស្ដមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ។ តែ មិនមានដំណោះស្រាយជាមួយទីក្រុងព្យុងយ៉ាងនោះទេ ខណៈជារឿយៗចិន និងរុស្ស៉ី តែងតែបោះឆ្នោតវេតូដើម្បីការពារកូរ៉េខាងជើង៕