(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយលើតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីនកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភា្លមៗ ក្រោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានថ្លែងសារនៅក្នុងវីដេអូមួយដោយសន្យាថានឹងធ្វើ​ឱ្យសត្រូវរបស់អ៉ីស្រាអែល តបស្នងមកវិញនូវ តម្លៃមួយយ៉ាងស័ក្តិសម សម្រាប់សកម្មភាពឈ្លានពានទាំងឡាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការវាយប្រហារខាងលើពីសំណាក់យោធាអ៉ីស្រាអែលកើតមានឡើង ក្រោយមានសេចក្ដីរាយការណ៍ពីស្នូរសំឡេងផ្ទុះនៅទូទាំងតំបន់ហ្កាហ្សា ខណៈយន្ដហោះចម្បាំង ហោះពេញអាកាស។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើមានអ្នកស្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនេះនោះទេ។ ប៉ុន្តែទីតាំងជាច្រើនកន្លែងក្នុងតំបន់ហ្កាហ្សា ដែលជាមូលដ្ឋានរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន បានរងការវាយប្រហារដោយមីស៊ីល។​

គួរបញ្ជាក់ថា បើតាមខាងយោធាអ៉ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅរូងក្រោមដី២កន្លែង និងមូលដ្ឋានស្ដុកអាវុធ២កន្លែង ក្នុងតំបន់ ហ្កាហ្សា ហើយព្រមពេលជាមួយគ្នា ក៏មានការបាញ់រ៉ុក្កែតតបតចេញពីតំបន់ហ្កាហ្សាវិញផងដែរ៕