(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុង «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់» ចំពោះការគំរាមកំហែងណាមួយពីអ៊ីស្រាអែលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ តី០៦ ខែមេសា ឆ្នាំ២០២៣។
លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃពុធ នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បន្ទាប់ពីមន្ត្រីឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ពីរនាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅស៊ីរីកាលពីសប្តាហ៍មុន។
លោកបានពណ៌នាឧបទ្ទវហេតុនេះថាជា «ឧក្រិដ្ឋកម្មដ៏សាហាវ ក៏ដូចជាឧទាហរណ៍ជាក់ស្តែងមួយទៀតនៃការឈ្លានពានរបស់អ៊ីស្រាអែលជាប់លាប់ និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនៅលើទឹកដីស៊ីរី»។
លោក Iravani បាននិយាយថា អ៊ីស្រាអែលកំពុងបន្ត «សកម្មភាពឈ្លានពាន» របស់ខ្លួនប្រឆាំងនឹងស៊ីរីដោយមិនខ្វល់ខ្វាយអំពីផលវិបាករបស់ពួកគេ និងទទួលទណ្ឌកម្មពីសហគមន៍អន្តរជាតិ។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការបំពានបែបនេះ ហើយឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះរាល់សកម្មភាពប្រឆាំងច្បាប់អន្តរជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា យោងតាមទូរទស្សន៍ជាតិស៊ីរីបានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារដោយកាំជ្រួចចំនួនពីរលើទីតាំងក្នុងទីក្រុង Damascus កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន៕