(ប៉េកាំង)៖ នៅបន្ទាប់ពីយន្ដហោះដឹកអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ចុះចតនៅលើកោះតៃវ៉ាន់ កាលពីឆ្នាំ២០២២ ចិនបានរង់ចាំមិនដល់មួយម៉ោងស្រួលបួលផង ដើម្បីប្រកាសពីការបាញ់តេស្ដមីស៊ីល និងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធជុំវិញដែនកោះមួយនេះ។ ក៏ប៉ុន្តែ នៅលើកនេះវិញ ប្រតិកម្មឆ្លើយតបរបស់ទីក្រុងប៉េកាំង ទៅនឹងជំនួបមិនធ្លាប់មានរវាងមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅលើទឹកដីអាមេរិក បែរជាមានភាពស្ងប់ស្ងាត់ទៅវិញ។

ទោះបីជាចិនបានចេញផ្សាយសេចក្ដីថ្លែងការណ៍ថ្កោលទោសជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី ហើយបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿង ទៅកាន់តំបន់ដែនទឹកក្បែរកោះតៃវ៉ាន់ក៏ពិតមែន តែក្រសួងការពារជាតិតៃវ៉ាន់បាន​ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះថាប្រទះឃើញឧទ្ធម្ភាគចក្រមួយ គ្រឿង និងនាវាចម្បាំង​របស់ចិនចំនួន៣គ្រឿងតែប៉ុណ្ណោះ នៅជុំវិញដែនកោះរបស់ខ្លួនក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តើនេះមកពីហេតុអ្វីទៅបាន ជាចិនអត់ធ្មត់ មិនធ្វើដូចកាលលោកស្រី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់?​

វាមានហេតុផលជាច្រើន ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបង្ខំចិត្តអត់ធ្មត់ក្នុងពេលនេះសិន បើទោះជាលោកមានផែនការចាត់វិធានការឆ្លើយតប ខ្លាំងក្លា នៅប៉ុន្មានថ្ងៃខាងមុខទៀត ក៏ដោយ។ ហើយហេតុផលដំបូងគេ នោះគឺដោយសារតែឥលូវ លោក ស៊ី ជិងពីន កំពុងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរសូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) មកកាន់ទីក្រុងប៉េកាំង គាប់ជួនលោក ស៊ី ជិនពីង កំពុងប្រឹងប្រែងប្រមូលការគាំទ្រពីបណ្ដាប្រទេសដទៃចំពោះផែនការសន្តិភាពរបស់ចិន សម្រាប់សង្រ្គាមអ៊ុយក្រែន និងដើម្បីទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់ផ្ដាច់ចិនពីការចូលទៅកាន់បច្ចេកវិទ្យាទំនើបៗ ដូចជា បន្ទះឈីបជាដើម។

ក្រោយធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី៥ ខែមេសានេះ លោក ម៉ាក្រុង បាននិយាយថាលោកមើលមិនឃើញថានឹងមានការបញ្ចេញប្រតិកម្ម ជ្រុលហួសហេតុពីចិននោះទេ។ ត្រង់ចំណុចនេះដែរ លោក Wen-ti Sung ជាអ្នកជំនាញម្នាក់ខាងនយោបាយតៃវ៉ាន់ និងទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ មកពីសាលវិទ្យាល័យ Australian National University បានកត់សម្គាល់ថាប្រសិនបើទីក្រុងប៉េកាំង ជ្រើសរើសយកការបង្កភាពតានតឹងផ្នែកយោធា ក្នុងពេលនេះ នោះវាអាចនឹងបង្កការលំបាក ឬធ្វើឱ្យខូចដល់ទំនាក់ទំនងការទូតជាមួយលោក ម៉ាក្រុង និងលោកស្រី Von der Leyen ព្រមទាំងអាចបំផ្លាញ ដល់រូបភាពស្រឡាញ់សន្តិភាពរបស់ចិននៅក្នុងកែវភ្នែកមេដឹកនាំអឺរ៉ុប នៅរយៈពេលវែងតែប៉ុណ្ណ៉ោះ។ ណាមួយនៅសប្ដាហ៍ក្រោយ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក៏នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិនផងដែរ។ ម្លោះហើយ តើវាសមទេដែលចិនបណ្ដោយឱ្យមានភាពតានតឹង ខ្លាំងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងកាលៈទេសៈនេះ។

ការធ្វើសមយុទ្ធយោធាយ៉ាងខ្លាំងក្លា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចនៃប្រធានសភា តំណាងរាស្ត្រអាមេរិកដំបូងបំផុត ក្នុងរយៈពេល ២៥ឆ្នាំ នៅពេលនោះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីលទ្ធភាពផ្ទុះសង្រ្គាម ដល់បណ្ដាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ចាប់តាំងពីពេលនោះមកដែរ ហ្វីលីពីនបានសម្រេចចិត្តងាកទៅពង្រឹងទំនាក់ទំនងយោធាឡើងវិញជាមួយសហរដ្ឋអាមេរិក ខណៈ កូរ៉េខាងត្បូង និងជប៉ុន បានយល់ព្រមផ្សះផ្សាជម្លោះប្រវត្តិសាស្ត្រ ដែលជារនាំងរារាំងដល់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងអស់រយៈពេលរាប់ ទសវត្សរ៍មកនេះ។ ចំណែកឯ អូស្ត្រាលីវិញ បានបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការទិញនាវាមុជទឹកដើរដោយថាមពនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

សមយុទ្ធយោធានៅពេលនោះ ក៏បានជំរុញផងដែរឱ្យមេដឹកនាំអឺរ៉ុបដែលធ្លាប់តែមានការខ្វែងគំនិតគ្នា ចាប់ផ្ដើមយល់ឃើញដូចគ្នាចំពោះចិន និងរុស្ស៉ី ដោយ ពួកគេបារម្ភថាទីក្រុងប៉េកាំងអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ក្នុងពេលដ៏ខ្លីខាងមុខ ដូចដែលទីក្រុងមូស្គូកំពុងធ្វើដាក់អ៊ុយក្រែន។​ ការបារម្ភពីការផ្ទុះសង្រ្គាម នេះឯង បានធ្វើឱ្យរដ្ឋាភិបាលដទៃ និងក្រុមហ៊ុនមួយចំនួនវាយតម្លៃពីផលប៉ះពាល់របស់ខ្លួននៅក្នុងប្រទេសចិន ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនពីវិបត្តិកូវីដ១៩។ តាមរយៈបញ្ហាទាំងនេះ ក្រោយមកទៀត លោក ស៊ី ជិនពីង បានផ្លាស់ប្ដូរយុទ្ធសាស្ត្រការទូត ដោយព្យាយាម លើកមុខមាត់ចិនជាប្រទេសស្រឡាញ់សន្តិភាពនៅលើពិភពលោក។ ក្រៅតែពីនយោបាយការទូតជុំវិញសង្រ្គាមនៅអ៊ុយក្រែន លោក ស៊ី ជិនពីង បានយល់ព្រម លើកិច្ចព្រមព្រៀងបន្ធូរបន្ថយបំណុលមួយសម្រាប់ស្រីលង្កា និងជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ហើយបច្ចុប្បន្ន លោកកំពុងស្វះស្វែងស្ដារ ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងបារាំង និងអូស្រ្តាលី ក្នុងគោលបំណងបង្ការកុំឱ្យចិនឯកោនៅលើឆាកអន្តរជាតិ។

មូលហេតុដ៏សំខាន់មួយទៀតនៃការអត់ធ្មត់របស់ចិន នោះគឺការបោះឆ្នោតសកលនៅតៃវ៉ាន់ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៤។ ពោលគឺ ការបង្កើនការសម្លុតគំរាមខាងយោធាណាមួយ អាចនឹងកាន់តែជួយបង្កើនប្រជាប្រិយភាពឱ្យគណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់លោកស្រី សៃ ដែល មានទំនោរគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ គណបក្សប្រជាធិបតេយ្យចម្រើននិយម កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងមួយយ៉ាងស្វិតស្វាញជាមួយគណបក្ស គួរមីញតាង (Kuomintang) ដែលមានទំនាក់ទំនងល្អជាមួយចិន ស្របពេលប៉េកាំងកំពុងទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Ma Ying-jeou ជា អតីតប្រធានាធិបតីតៃវ៉ាន់ដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចក្នុងប្រទេសចិន។ ដូច្នេះការចាត់វិធានការជ្រុលជ្រួសណាមួយ អាចនឹងជះផលអាក្រក់ដល់ គណបក្សគួរមីញតាង។

លោកស្រី សៃ អ៉ីងវិន ក៏បានសម្លឹងមិនដាក់ភ្នែកចំពោះការបោះឆ្នោតសកលនៅពេលខាងមុខដូចគ្នាដែរ។ ក្រោយត្រូវបានស្វាគមន៍អមជាមួយការស្រែកច្រៀងថា «ខ្ញុំស្រឡាញ់អ្នក» ដោយពលរដ្ឋអាមេរិកដើមកំណើតតៃវ៉ាន់រាប់រយនាក់ ក្នុងទីក្រុងញូវយ៉កកាលពីពេលថ្មីៗនេះ លោកស្រី សៃបាននិយាយបែបលេងសើចថា «អ្នកទាំងអស់គ្នាដឹង ហើយថាខ្ញុំមិនឈរឈ្មោះបោះឆ្នោតទៀតនោះទេ»។ លើសពីនេះទៅទៀត លោកស្រីក៏មានបំណងបង្ហាញដែរថាគណបក្ស និងបេក្ខជន មេដឹកនាំតៃវ៉ាន់មកពីគណបក្សលោកស្រី គឺលោក Lai Ching-te មានសមត្ថភាពអាចបញ្ចៀសរាល់ការបង្កហេតុមិនចាំបាច់ដែលអាចបង្កទៅជាសង្រ្គាម។ នៅលើ ទឹកដីលោកស្រី សៃ ហាក់ដូចជាបន្ទាបខ្លួន ហើយមិនបាននិយាយពីគោលនយោបាយថ្មីអ្វីទាំងអស់ក្នុងសុន្ទរកថារបស់លោកស្រី ដោយនិយាយតែពី ប្រជាធិបតេយ្យជាជាងលើកឡើងពីឈ្មោះចិន។ ទាំងនេះអាចឱ្យគេយល់បានថាលោកស្រី ទំនងជាបានបញ្ចុះបញ្ចូលឱ្យលោក ម៉ាកខាធី ជួបលោកស្រីនៅ រដ្ឋកាលីហ្វ័រញ៉ា ប្រសើរជាងឱ្យប្រធានសភាអាមេរិករូបនេះធ្វើដំណើរដោយផ្ទាល់មកកាន់តៃវ៉ាន់។

ចំណែកឯ ចិនវិញ បានគ្រប់គ្រងសាធារណៈមតិបានល្អប្រសើរជាងកាលពីឆ្នាំ២០២២ ជាពេលដែលមានការរំពឹងទុកជាច្រើន លើបណ្ដាញទំនាក់ទំនងសង្គមថា ទីក្រុងប៉េកាំងអាចនឹងរារាំងមិនឱ្យយន្ដហោះលោកស្រី ផេឡូសីចុះចតនៅតៃវ៉ាន់។ ការស្វែងរកឯកសារយោងពាក់ព័ន្ធនឹងជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី នៅលើបណ្ដាញសង្គមចិន Weibo បានបង្ហាញត្រឹមតែគណនីបង្ហោះឡើងវិញពីសេចក្ដីថ្លែងការរបស់រដ្ឋាភិបាលចិន ហើយការបញ្ចេញមតិយោបល់ វិញត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់។

គួរបញ្ជាក់ថា បើគេនៅចាំមិនភ្លេចទេ លោក Hu Xijin ជាអតីតនិពន្ធនាយកកាសែតរដ្ឋចិន Global Times ធ្លាប់បានបញ្ចេញកំហឹងដោយជំរុញឱ្យយោធាចិន បញ្ជូនយន្ដហោះចម្បាំងឱ្យទៅហោះអមយន្ដហោះលោកស្រី ផេឡូស៊ី កុំឱ្យចុះចតនៅតៃវ៉ាន់។ ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះ អតីតនិពន្ធនាយករូបនេះ ដែលមានអ្នកតាមដានលើ Weibo ជាង២០លាននាក់ បាននិយាយថាទីក្រុងប៉េកាំង នឹងធ្វើឱ្យប្រាកដថាលោកស្រី សៃ នឹងត្រូវតែតបស្នងមកវិញនូវតម្លៃមួយ យ៉ាងស័ក្តិសមសម្រាប់ជំនួបជាមួយលោក ម៉ាកខាធី និងថានេះគ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ៕