(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីកំពុងអំពាវនាវឱ្យមានចំណាត់ការរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលវាយឆ្មក់ចូលវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡិម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់សាសនាឥស្លាម និងបានវាយប្រហារលើអ្នកថ្វាយបង្គំជនជាតិប៉ាឡេស្ទីនដែលប្រមូលផ្តុំគ្នាសម្រាប់ការថ្វាយបង្គំខែរ៉ម៉ាឌន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១២នាក់បានរងរបួស និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសអ៊ីស្រាអែលបានឆ្មក់ចូលវិហារ Al-Aqsa កាលពីថ្ងៃពុធ។ វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមន្រ្តីអ៊ីស្រាអែលបានវាយដំអ្នកថ្វាយបង្គំ ដោយរុញពួកគេចេញពីបរិវេណ និងរារាំងពួកគេមិនឱ្យប្រតិបត្តិការថ្វាយបង្គំតាមបែបសាសនា។
ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយគេដែលប្រតិកម្មចំពោះអំពើហឹង្សារបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការថ្កោលទោសយ៉ាងទូលំទូលាយពីពិភពអារ៉ាប់ និងមូស្លីម។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហគមន៍អន្តរជាតិត្រូវតែទាមទារឱ្យរបបអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបង្កហេតុណាមួយ ដើម្បីផលប្រយោជន៍សន្តិភាព និងស្ថិរភាព»។
ដោយឡែកប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក ក៏បានជំរុញឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ «ចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់ការរំលោភផ្សេងៗដែលប្រព្រឹត្តដោយអ៊ីស្រាអែលក្នុងវិហារ Al-Aqsa»។
ក្រសួងការបរទេសឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះ «ពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនម៉ូស្លីមជុំវិញពិភពលោក។ វាជាការបំពានយ៉ាងពិតប្រាកដចំពោះភាពបរិសុទ្ធរបស់ Al-Aqsa ហើយនឹងធ្វើឱ្យជម្លោះ និងអំពើហិង្សាកាន់តែធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរជាអ្នកគាំទ្ររដ្ឋប៉ាឡេស្ទីនឯករាជ្យជាយូរមកហើយ ដែលផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ជាមួយនឹងក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន៕