(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមើលមិនឃើញមានលទ្ធភាពនោះឡើយ សម្រាប់ឱ្យចិនអាចជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា មិនមានមធ្យោបាយអ្វីផ្សេង ក្រៅតែពីបន្តប្រតិបត្តិការយោធារបស់ខ្លួននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងយ៉ាងដូច្នេះថា «ច្បាស់ណាស់ ចិនមានសក្តានុពលដ៏ខ្លាំងក្លាមួយ សម្រាប់តួនាទីជាអ្នកសម្រុះសម្រួលជម្លោះ ប៉ុន្តែស្ថានការណ៍ជាមួយអ៊ុយក្រែន គឺស្មុគស្មាញខ្លាំង ខណៈមកទល់ពេលនេះ គឺមិនមានលទ្ធភាពនោះទេ សម្រាប់ដំណោះស្រាយតាមច្រកនយោបាយ»។ លោក ប៉េស្កូវ ក៏បានសង្កត់ធ្ងន់ថា «នៅពេលនេះ វាពុំមានមធ្យោបាយអ្វីផ្សេងឡើយសម្រាប់យើង ក្រៅពីបន្តប្រតិបត្តិការយោធាពិសេសរបស់យើង» ជាពាក្យដែលរុស្ស៉ីប្រើ​សំដៅលើសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ប៉េស្កូវ ត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ អំពីលទ្ធភាពនៃការដើរតួនាទីជាអ្នកសម្រុះសម្រួលរបស់ចិន សម្រាប់​វិបត្តិអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងបំពេញទស្សនិច្ចនៅទីក្រុងប៉េកាំង ដើម្បីព្យាយាមជំរុញ​ឱ្យប្រធានាធិបតីចិន លោក ស៉ី ជិនពីង បញ្ឈប់ការគាំទ្រចំពោះទីក្រុងមូស្គូ ហើយបញ្ចុះបញ្ចូលរុស្ស៉ីឱ្យត្រឡប់មករកការចរចាគ្នាវិញ ដើម្បីស្វែងរកចំណុចបញ្ចប់សម្រាប់សង្រ្គាម៕