(ប៉េកាំង)៖ ក្នុងជំនួបជាមួយប្រធានាធិបតីចិនលោក ស៉ី ជិនពីង នៅឯទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា រូបលោកកំពុងតែសង្ឃឹមទៅលើលោក ស៉ី ហើយ ក្នុងការបញ្ចុះបញ្ចូលរុស្ស៉ីឱ្យងាកមកស្តាប់ហេតុផល ហើយត្រឡប់មករកការចរចាវិញ ដើម្បីស្វែងរកចំណុចបញ្ចប់ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។
កំលុងជំនួបទ្វេភាគីនៅសាលវិមានប្រជាជន ក្នុងរដ្ឋធានីនៃប្រទេសចិន លោក ម៉ាក្រុង បានប្រាប់លោក ស៉ី យ៉ាងដូច្នេះថា «ខ្ញុំដឹងថាខ្ញុំអាចពឹងពាក់ទៅលើអ្នក ដើម្បីនាំរុស្ស៉ីឱ្យងាកមកស្តាប់ហេតុផល ព្រមទាំងគ្រប់គ្នាត្រឡប់ទៅកាន់តុចរចាគ្នាវិញ»។ លោកប្រធានាធិបតីបារាំង ដែលបានធ្វើដំណើរមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ បានបញ្ជាក់ច្បាស់រួចហើយថា លោកនឹងព្យាយាមជំរុញឱ្យចិនឈប់ផ្តល់ការគាំទ្រដល់រុស្ស៉ី ជុំវិញបញ្ហាអ៊ុយក្រែន។
ពេលមកដល់ចិនភ្លាម លោក ម៉ាក្រុង ក៏បាននិយាយដែរថា ទីក្រុងប៉េកាំងអាចដើរតួនាទីដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងស្វែងរកផ្លូវឆ្ពោះទៅកាន់ សន្តិភាពសម្រាប់សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ចិនជាមួយទីក្រុងមូស្គូ។ បន្ទាប់ពីជំនួបទ្វេភាគីខាងលើ ក្នុងថ្ងៃព្រហស្បតិ៍នេះ លោក ម៉ាក្រុង និងលោក ស៉ី ក៏នឹងត្រូវបើកកិច្ចប្រជុំត្រីភាគី ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនដឺ លីយេន (Ursula von der Leyen) ផងដែរ។
គួរបញ្ជាក់ថា ទោះបីជាផ្លូវការ ទីក្រុងប៉េកាំងប្រកាន់ជំហរអព្យាក្រឹតជុំវិញបញ្ហាអ៊ុយក្រែនក៏ដោយ លោក ស៉ី មិនដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនោះទេ។ ម៉្យាងវិញទៀត ខណៈដែលកាលពីខែមីនា លោកបានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក៏ដោយ លោកប្រធានាធិបតីចិន មិនទាន់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ឬជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឡើយទេ៕