(វ៉ាស៉ីនតោន)៖ សេតវិមានកាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ព្រះមហាក្សត្រចក្រភពអង់គ្លេស ស្តេច ឆាល (Charles) បានអញ្ជើញប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ចក្រភពអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ខណៈលោក បៃដិន ក៏បានទទួលយកការអញ្ជើញរួចហើយដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោកប្រធានាធិបតីអរគុណ សម្រាប់ការអញ្ជើញរបស់មហាក្សត្រអង់គ្លេស ហើយលោកទន្ទឹងរង់ចាំ ដើម្បីធ្វើការបំពេញទស្សនកិច្ចផ្លូវរដ្ឋនោះ»។ លោកស្រីអ្នកនាំពាក្យបាននិយាយថា លោកស្រីមិនមានកាលបរិច្ឆេទជាក់លាក់ សម្រាប់ពេលវេលាដែលដំណើរទស្សនកិច្ចរបស់លោក បៃដិន នៅចក្រភពអង់គ្លេស នឹងប្រព្រឹត្តទៅនោះឡើយ ប៉ុន្តែបានគូសបញ្ជាក់ថា វានឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ស្តេច ឆាល របស់ចក្រភពអង់គ្លេស បានធ្វើការអញ្ជើញលោក ចូ បៃដិន កំលុងកិច្ចសន្ទនាមួយតាមទូរស័ព្ទមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ កំលុងពេលនោះ លោក បៃដិន ក៏បានទូលព្រះមហាក្សត្រអង់គ្លេសថា ភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន នឹងធ្វើដំណើរទៅចូលរួម ពិធីរាជាភិសេករបស់ទ្រង់ នៅខែឧសភាខាងមុខ។ តាមទម្លាប់ ប្រធានាធិបតីអាមេរិកមិនចូលរួមពិធីរាជាភិសេក របស់មហាក្សត្រឬមហាក្សត្រិយ៍អង់គ្លេសឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក បៃដិន និងភរិយា បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់ អតីតមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបេត។ បើតាមសេតវិមាន លោក បៃដិន ក៏នឹងត្រូវចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់អៀរឡង់ខាងជើងនៃចក្រភពអង់គ្លេស ហើយនិងសាធារណរដ្ឋអៀរឡង់ផងដែរ ក្នុងឱកាសគម្រប់ខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងបែលហ្វាស់ (Belfast)៕