(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិនបានប្រកាសថា មិនមានការជួញដូរខុសច្បាប់នូវថ្នាំហ្វេតានីល (fentanyl) រវាងប្រទេសចិន និងម៉ិកស៉ិកនោះទេ ជាការឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីម៉ិកស៉ិក ដែលស្នើឲ្យទីក្រុងប៉េកាំងជួយគ្រប់គ្រងលំហូរខុសច្បាប់ នៃថ្នាំសំយោគអាភៀនពីអាភៀន ដែលអាចសម្លាប់ជីវិតមនុស្សមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

ក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានស្នើដល់ លោក ស៉ី ឲ្យជួយគ្រប់គ្រងការនាំចេញថ្នាំហ្វេតានីល (fentanyl) ដោយការស្នើសុំនេះធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សមាជិកសភាសហរដ្ឋអាមេរិកនៅម៉ិកស៉ិក ដែលពួកគេបានស្នើឲ្យលោកប្រាប់ ចិនឲ្យដោះស្រាយការគំរាមកំហែងនៃការរត់ពន្ធថ្នាំហ្វេតានីល។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា មិនមានកំណត់ត្រាណាមួយពីម៉ិកស៉ិកលើការរឹបអូសយកថ្នាំ fentanyl ដែលមានប្រភពខុសច្បាប់ចេញពីប្រទេសចិននោះទេ។ ដោយសំដៅលើការប្រើប្រាស់ថ្នាំលើសកម្រិត ជាបញ្ហាមួយបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក លោកស្រី ម៉ៅ បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងបញ្ហាផ្ទាល់របស់ខ្លួន និងចាត់វិធានការសំខាន់ៗបន្ថែមទៀត ដើម្បីពង្រឹងបទប្បញ្ញត្តិតាមព្រំដែន ហើយកាត់បន្ថយតម្រូវការប្រើប្រាស់ថ្នាំប្រភេទនេះ»

គួរបញ្ជាក់ថា Fentanyl ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងមន្ទីរពេទ្យអំឡុងពេលចាក់ថ្នាំសន្លប់ និងសម្រាប់ការបំបាត់ការឈឺចាប់ ប៉ុន្តែវាក៏បានក្លាយជាគ្រឿងញៀនដ៏ធំមួយក្នុងទីផ្សារងងឹត នៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមជួញដូរគ្រឿងញៀនម៉ិកស៉ិក បានចូលរួមកាន់តែសកម្មក្នុងការជួញដូរខុសច្បាប់នៃថ្នាំនេះ ដោយបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ(CDC) ការប្រើប្រាស់ថ្នាំ fentanyl លើសកម្រិតបានសម្លាប់មនុស្សជាង ១០០,០០០នាក់ក្នុងឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក៕