(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន៤នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងបន្តបាត់ខ្លួននៅឡើយ ក្រោយករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរឆកសមុទ្រហាឡុង (Halong Bay) ភាគឦសានប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។
ឧទ្ធម្ភាគចក្រប្រភេទ Bell 505 ដែលផ្ទុកពីឡុតម្នាក់ និងភ្ញៀវទេសចរជនជាតិវៀតណាម៤នាក់ បានដាច់ការទាក់ទង នៅរយៈពេល៥នាទី ក្រោយការហោះឡើង ក្នុងគោលដៅទស្សនាទេសភាពនៅតំបន់ឆកសមុទ្រហាឡុង កាលពីថ្ងៃពុធសប្តាហ៍នេះ។ សាកសពពីឡុតត្រូវបានរកឃើញនៅយប់ថ្ងៃដដែល ខណៈគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ សាកសពអ្នកទេសចរ៣នាក់ ត្រូវបានរកឃើញបន្ថែមទៀត ខណៈនៅសល់ម្នាក់រកមិនទាន់ឃើញ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Northern Vietnam Helicoper បានប្រកាសផ្អាកសេវាដឹកភ្ញៀវទេសចរមើលទេសភាព នៅទូទាំងប្រទេសជាបន្ទាន់ ក្រោយមានឧបទ្ទវហេតុខាងលើ។ ក្រុមហ៊ុននេះបានចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ ដើម្បីទស្សនារមីយដ្ឋានធម្មជាតិ នៅឆកសមុទ្រហាឡុង តាំងតែពីឆ្នាំ២០១៩មក ជាមួយតម្លៃអាចដល់១២០ដុល្លារ ក្នុងមនុស្សម្នាក់ សម្រាប់រយៈពេល១០នាទី។ តាំងពីបើកអាជីវកម្មនោះមក ក្រុមហ៊ុនមិនដែលធ្លាប់ជួបហេតុការណ៍គ្រោះថ្នាក់បែបនេះទេ៕