(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថាប្រទេសឥណ្ឌា នឹងបង្ហាញកាយវិការសុច្ឆន្ទៈ ក៏ដូចជាជួយសម្រួលដល់អ្នកសារព័ត៌មានចិននៅក្នុងប្រទេសឥណ្ឌា ក្រោយពីមានករណីព្យួរទិដ្ឋាការអ្នកកាសែតឥណ្ឌា២រូប ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

នៅពេលត្រូវបានចោទសួរអំពីការព្យួរទិដ្ឋាការលើអ្នកកាសែតឥណ្ឌាពីរនាក់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «យើងចង់ចាត់ទុកអ្នកកាសែតឥណ្ឌា ដូចជាមិត្តភក្ដិ និងក្រុមគ្រួសាររបស់យើង។ តែយើងក៏រំពឹងថា ឥណ្ឌានឹងបង្ហាញកាយវិការល្អ ក៏ដូចជាជួយសម្រួលដល់អ្នកសារព័ត៌មានចិននៅក្នុងប្រទេសឥណ្ឌា ផងដែរ»

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីកាសែត Hindustan Times របស់ឥណ្ឌា ប្រទេសចិនបានរារាំងអ្នកកាសែតឥណ្ឌាពីរនាក់ ពីការវិលត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានស្នើសុំអ្នកកាសែតចិនម្នាក់ ឲ្យចាកចេញពីប្រទេសរបស់ខ្លួន៕