(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ប្រមុខក្រសួងការបរទេសនិងក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិកនិងហ្វីលីពីន នឹងត្រូវជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៉ីនតោន នាសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសទាំងពីរទើបតែ​បានពង្រីកកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងខិន (Antony Blinken) រួមជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹងទទួលស្វាគមន៍រដ្ឋមន្រ្តីការបរទេស លោក អេនរិគ ម៉ាណាឡូ (Enrique Manalo) ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ លោក ខាលីតូ ហ្កាលវេស (Carlito Galvez) នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

សេចក្តីប្រកាសនៃគម្រោងជំនួបខាងលើធ្វើឡើង បន្ទាប់ពីហ្វីលីពីនទើបតែប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីទីតាំងមូលដ្ឋានយោធា​របស់ខ្លួនចំនួន៤កន្លែងថ្មី ដែលត្រូវបានអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់ នៅក្រោមកិច្ចព្រមព្រៀងការពារជាតិ ហៅកាត់ថា EDCA។ ប្រការនេះធ្វើឱ្យមូលដ្ឋានទ័ព ដែលយោធាអាមេរិក មានសិទ្ធិប្រើនៅហ្វីលីពីន សរុបកើនដល់៩កន្លែង ហើយស្របពេលដែល ទីក្រុងម៉ានីល​កើនឡើងក្តីបារម្ភអំពីសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ក៏ដូចជាភាពតានតឹងពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ទីតាំងរបស់មូលដ្ឋានទ័ព៤កន្លែងថ្មីនោះ គឺមានសារសំខាន់ខ្លាំង ដោយសារពួកវាស្ថិតនៅម្តុំភាគខាងជើងហ្វីលីពីន ដែលទល់មុខកោះតៃវ៉ាន់ ហើយនិងនៅក្បែរទីប្រជុំកោះស្ព្រាតលី (Spratly) ដែលជាតំបន់មានវិវាទ នៅសមុទ្រចិនខាងត្បូង។ ក្នុងសប្តាហ៍នេះ ទីក្រុងប៉េកាំងបានចេញមុខរិះគន់ កិច្ចព្រមព្រៀងមូលដ្ឋានយោធារវាងអាមេរិកនិងហ្វីលីពីនថា កំពុងបង្កហានិភ័យចំពោះ​សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕