(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គិស៉ីដា (Fumio Kishida) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសជប៉ុនសង្ឃឹមថា នឹងអាចមានដំណោះស្រាយដោយសន្តិវិធីមួយតាមរយៈកិច្ចសន្ទនា សម្រាប់បញ្ហាពាក់ព័ន្ធទៅនឹងកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងសភាជប៉ុន លោក គីស៉ីដា បាននិយាយយ៉ាងដូច្នេះថា «សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ មានសារសំខាន់ខ្លាំងណាស់ ហើយមិនមែនសម្រាប់តែ សន្តិសុខរបស់ប្រទេសជប៉ុននោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍អន្តរជាតិទាំងមូលផងដែរ»។ សម្តីរបស់លោក គីស៉ីដា គឺជាការលើកឡើងជាថ្មីម្តងទៀត នូវអ្វីដែលក្រុមមន្រ្តីទីក្រុងតូក្យូធ្លាប់លើកឡើងស្រដៀងគ្នា កាលពីពេលកន្លងមក។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិជប៉ុន បានប្រកាសឱ្យដឹងពីការប្រទះឃើញ នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង (Shandong) ជាលើកដំបូង នៅក្នុងតំបន់មហាសមុទ្រប៉ាស៉ីហ្វិក កាលពីល្ងាចថ្ងៃពុធ ចំពេលដែលភាពតានតឹងនៅឯច្រកសមុទ្រតៃវ៉ាន់ មានការកើនឡើង ដោយសារតែដំណើរទស្សនកិច្ចរបស់ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅសហរដ្ឋអាមេរិក ជាពិសេសគឺជំនួបរវាងលោកស្រី ហើយនិងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅរដ្ឋកាលីហ្វរញ៉ា ដែលនៅតែប្រព្រឹត្តទៅ ទោះបីចិនបានព្រមានធ្ងន់ៗទុកជាមុន យ៉ាងណាក៏ដោយ៕