(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់និងរដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត បានជួបមុខគ្នានៅទីក្រុងប៉េកាំង ក្នុងជំនួបផ្លូវការលើកដំបូងបំផុត នៃប្រមុខការទូតប្រទេសទាំងពីរ គិតក្នុងអំលុងពេល៧ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បានចេញផ្សាយឃ្លីបវីដេអូខ្លីមួយ នៃជំនួបថ្ងៃព្រហស្បតិ៍នេះ នៅលើប្រព័ន្ធ Twitter ដែលបង្ហាញឱ្យឃើញ ប្រមុខការទូតអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ (Faisal bin Farhan) និងសមភាគីអ៉ីរ៉ង់របស់ទ្រង់គឺលោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) ចាប់ដៃស្វាគមន៍គ្នាទៅវិញទៅមក ហើយញញឹមនៅពីខាងមុខផ្ទាំងគំនូរ​បុរាណចិនធំមួយ ក៏ដូចជាទង់ជាតិអារ៉ាប៊ីសាអូឌីតនិងទង់ជាតិអ៉ីរ៉ង់។ បន្ទាប់មកអ្នកទាំងពីរ ក៏បានបន្តដំណើរចូលទៅកាន់បន្ទប់ប្រជុំមួយ ហើយអង្គុយជជែកគ្នា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ ព្រះអង្គម្ចាស់ ប៊ីន ហ្វាហាន់ និងលោក អាមៀ អាប់ឌុលឡាហ៉ីយ៉ាន បាននិយាយអំពីជំហានឆ្ពោះ​ទៅរក ការបើកស្ថានទូតនិងស្ថានកុងស៊ុលនៃប្រទេសទាំងពីរឡើងវិញ។ អ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងកាលពីខែមីនា ដើម្បីស្តារចំណងទាក់ទង ហើយបើកបេសកកម្មការទូតឡើងវិញ ក្នុងរយៈពេល២ខែ បន្ទាប់ពីមានអរិភាពរាប់ឆ្នាំនឹងគ្នា ដែលបានបង្កើនភាពតានតឹងនៅក្នុងឈូងសមុទ្រពែរ្ស ហើយធ្វើឱ្យជម្លោះកាន់តែផុងជ្រៅនៅតាមប្រទេសរាប់ចាប់ពីយេម៉ែន ដល់ស៉ីរី។

គួរបញ្ជាក់ថា ចិនគឺជាអ្នកសម្រុះសម្រួលឱ្យភាគីទាំងពីរមកនិយាយរកគ្នាវិញ ហើយទីបំផុតក៏ជួយសម្រេចនូវកិច្ចព្រមព្រៀងស្តារទំនាក់ទំនង។ ទីក្រុងរីយ៉ាដបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយទីក្រុងតេហេរ៉ង់ បន្ទាប់ពីក្រុមបាតុករអ៉ីរ៉ង់បានវាយប្រហារលើបេសកកម្មការទូតរបស់ខ្លួន កាលពីឆ្នាំ២០១៦ ក្រោយអារ៉ាប៊ីសាអូឌីតបានប្រហារជីវិតបុព្វជិតនិកាយស៉ីអ៉ីតល្បីឈ្មោះម្នាក់៕