(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) កាលពីថ្ងៃពុធសប្តាហ៍នេះ បានថ្កោលទោសចំពោះបម្រាមរបស់រដ្ឋាភិបាលតាលីបង់ លើស្រ្តីដែលបំពេញការងារឱ្យ UN នៅប្រទេសអាហ្វហ្កានីស្ថាន ដោយលោកបាន​ហៅវាថា ជាការរំលោភបំពានមិនអាចអត់ឱនឱ្យបាននៃសិទ្ធិមូលដ្ឋានរបស់មនុស្ស ដែលគួរតែដកចេញវិញជាបន្ទាន់។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

លោក ហ្គូតឺរេស បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ការហាមឃាត់ស្រ្តីអាហ្វហ្កានីស្ថានមិនឱ្យធ្វើការជាមួយ UN នៅក្នុង​ប្រទេសអាហ្វហ្កានីស្ថាន គឺជាទង្វើរំលោភបំពានមិនអាចអត់ឱនបាន ចំពោះសិទ្ធិមូលដ្ឋានរបស់មនុស្ស។ ខ្ញុំសូមអំពាវនាវឱ្យ​​តាលីបង់លុបចោលការសម្រេចចិត្តនេះវិញជាបន្ទាន់»។ ក្រុមមន្រ្តី UN នៅទីក្រុងកាប៊ុលក៏បានជួបជាមួយ រដ្ឋមន្រ្តីការបរទេសស្តីទីរបស់​តាលីបង់រួចហើយដែរ បន្ទាប់ពីរដ្ឋាភិបាលតាលីបង់បានឱ្យសញ្ញាកាលពីថ្ងៃអង្គារថា ខ្លួននឹងដាក់បម្រាមលើស្រ្តីអាហ្វហ្កានីស្ថាន ដែលធ្វើការឱ្យអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា UN បានប្រាប់ទៅកាន់បុគ្គលិកអាហ្វហ្កានីស្ថានប្រហែល៣,៣០០នាក់ ក្នុងនោះមានខ្ទង់៤០០នាក់ជាស្រ្តី កុំឱ្យទាន់ចូល​មកធ្វើការនៅការិយាល័យ រហូតដល់ពេលទទួលបានការជូនដំណឹងថ្មី ដោយសារតែហេតុផលសន្តិសុខ។ យ៉ាងណាក្តី បុគ្គលិកអន្តរជាតិ​ប្រមាណ៦០០នាក់របស់ UN នៅអាហ្វហ្កានីស្ថាន គឺមិនប៉ះពាល់ដោយសារបម្រាមខាងលើទេ។ ក្រុមអ្នកការទូតបានបង្ហើបឱ្យដឹងថា នៅថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងពិភាក្សាគ្នាក្នុងលក្ខណៈបិទទ្វារ អំពីស្ថានការណ៍នេះ៕