(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់ផ្តើមកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមេដឹកនាំចិននៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះក្នុងដំណើរទស្សនកិច្ចរួមគ្នា ជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ដែលអាចកំណត់ផ្លូវសម្រាប់ទំនាក់ទំនងនាពេលអនាគតរបស់ប្លុកនេះ និងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានទទួលស្វាគមន៍លោក ម៉ាក្រុង នៅឯសាលវិមានប្រជាជនចិន ដែលស្ថិតនៅភាគខាងលិចទីលានធានអានមិន (Tiananmen) មុនពេលជួបប្រជុំជាមួយប្រធានាធិបតី លោក ស៉ី ជិនពីង នៅពេលក្រោយ ក្នុងថ្ងៃដដែលនេះ។ ក្រោយពេលទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុបមិនត្រូវកាត់បន្ថយទំនាក់ទំនងការទូតនិងពាណិជ្ជកម្មនោះទេ ជាមួយទីក្រុងប៉េកាំង ដែលកំពុងមានវិវាទជាមួយលោកខាងលិច ជុំវិញបញ្ហាមួយចំនួន រួមទាំងតៃវ៉ាន់ ផ្នែកបច្ចេកវិទ្យា ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងចិន និងរុស្ស៊ី។

សារព័ត៌មានរដ្ឋចិន Global Times បានសរសេរក្នុងបទវិចារណកថាមួយនៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ត្រូវបានគេរំពឹងថា នឹងផ្តល់លទ្ធផលជាក់ស្តែងក្នុងការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងបារាំង ក៏ដូចជាការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។

គួរបញ្ជាក់ថា បន្ទាប់ពីជួបពិភាក្សាជាមួយលោក ម៉ាក្រុង ហើយនោះ លោក លី នាយករដ្ឋមន្រ្តីចិនគ្រោងរៀបចំ ពិធីពិសាអាហារពេលថ្ងៃត្រង់ ជាមួយលោកស្រី វ៉ុនឌឺ ឡេយិន។ ក្រោយមកនៅពេលរសៀល លោក ម៉ាក្រុង និងលោកស្រី វ៉ុនឌឺ ឡេយិន នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយ លោក ស៉ី មុនពេលអ្នកទាំង៣ ត្រូវជួបពិភាក្សាត្រីភាគី នៅពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ៕