(ប៉េកាំង)៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃខេត្តហ្វូជៀន (Fujian) របស់ប្រទេសចិន បានឲ្យដឹងនៅលើគណនី WeChat ថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការល្បាត និងធ្វើអធិការកិច្ចរួមគ្នាជាពិសេស រយៈពេល ៣ថ្ងៃនៅភាគកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ដែលរួមបញ្ចូលទាំងការចល័តនាវាចម្បាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

អាជ្ញាធរសុវត្ថិភាពដែនសមុទ្រក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសចិន បាននិយាយថា ប្រតិបត្តិការនេះរួមមាន «ការត្រួតពិនិត្យនៅនឹងកន្លែង» លើនាវាដឹកទំនិញ និងនាវាសំណង់នៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់សម្រាប់គម្រោងសំខាន់ៗលើផ្លូវសមុទ្រ។

ចំណែកការិយាល័យដែនសមុទ្រ និងកំពង់ផែតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះប្រទេសចិនអំពីសកម្មភាពនេះ។ តៃវ៉ាន់ កំពុងតាមដានស្ថានការណ៍ ហើយបានបញ្ជាឱ្យយន្ដហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល ត្រៀមលក្ខណៈឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ។

គួរបញ្ជាក់ថា សកម្មភាពនេះកើតមានឡើងចំពោះមុខភាពតានតឹងរវាងចិន និងតៃវ៉ាន់ ក្នុងពេលដែលប្រធានសភាតំណារាស្រ្តសហរដ្ឋអាមេរិក លោក ខេវីន ម៉ាកខេធី (Kevin McCarthy) ទទួលជួបមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីវិន (Tsai Ing-wen) នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ៕