(កៀវ)៖ ក្នុងពេលធ្វើដំណើរទៅដល់ទីក្រុងវ៉ាសូវី (Warsaw) កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប៉ូឡូញនឹងជួយបញ្ចុះបញ្ចូលដល់មហាអំណាចលោកខាងលិច ឲ្យផ្គត់ផ្គង់យន្តហោះចម្បាំងមកដល់អ៊ុយក្រែន ដូចដែលបានធ្វើលើការបញ្ជូនរថក្រោះប្រយុទ្ធកាលពីដើមឆ្នាំ២០២៣នេះដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

ថ្លែងសុន្ទរកថាមួយចេញពីទីលានមួយកន្លែង នៃទីក្រុងវ៉ាសូវី លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ដូចដែលមេដឹកនាំរបស់ប៉ូឡូញ ធ្លាប់បានសម្របសម្រួលធ្វើលើដំណើរការផ្តល់រថក្រោះប្រយុទ្ធធន់ធ្ងន់ ខ្ញុំជឿថាលទ្ធផលដូចគ្នានេះនឹងអាចទៅរួចលើការផ្តល់យន្តហោះចម្បាំង»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ប៉ូឡូញនៅជាមួយយើងដោយប្រកៀកស្មាគ្នា ហើយយើងនឹងបង្កើតឲ្យមានសេរីភាពនៅអឺរ៉ុបជារៀងរហូត។ របបផ្តាច់ការនឹងត្រូវលុបចេញពីប្រវត្តិសាស្ត្រ នៅពេលដែលកម្ចាត់បាននៅអ៊ុយក្រែន។ នេះជាសមរភូមិដើម្បីការពារសេរីភាព ហើយមិនអាចយកឈ្នះតែម្នាក់ឯងបាននោះទេ»

គួរបញ្ជាក់ថា ទីក្រុងវ៉ាសូវី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងកៀវ ហើយតែងតែជួយជំរុញឲ្យលោកខាងលិចផ្គត់ផ្គង់រថក្រោះប្រយុទ្ធសំខាន់ៗដល់អ៊ុយក្រែន។ អ៊ុយក្រែន ដែលរំពឹងថានឹងចាប់ផ្តើមការវាយលុកនៅប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ ចង់បានយន្តហោះចម្បាំងទំនើបៗដូចជា F-16 របស់អាមេរិកពីលោកខាងលិច ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី និងការពារខ្លួនពីការវាយប្រហារតាមអាកាស៕