(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្វាគមន៍សមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ មកកាន់ទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះសម្រាប់ ជំនួបរយៈពេល២ថ្ងៃ ប៉ុន្តែនៅក្នុងសន្និសីទមួយជាសាធារណៈ មេដឹកនាំទាំង២មិនបានលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) កាលពីសប្ដាហ៍មុនបានបញ្ជាក់ថាមេដឹកនាំទាំង២ នឹងពិភាក្សាគ្នាស្ដីពីការអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយនៅអ៊ុយក្រែន របស់លោក លូកាសសិនកូ។ ថ្លែងប្រាប់លោក លូកាសិនកូ នៅក្នុងការអត្ថាធិប្បាយមួយផ្សាយបន្តដោយទូរទស្សន៍រដ្ឋ លោក ពូទីន បានកត់សម្គាល់ ដូច្នេះថា «ខ្ញុំអាចនិយាយបានថាយើងសម្រេចបានកិច្ចការជាច្រើន ក្រោមក្របខណ្ឌនៃការធ្វើការងាររួមគ្នាលើគ្រប់វិស័យ...ហើយយើងនឹងពិភាក្សាពីកិច្ចការទាំងអស់នេះនៅ ថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ)។ នេះជាការអនុវត្តចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកយើងនៅលើឆាកអន្តរជាតិ និងការចូលរួមដោះស្រាយបញ្ហារួមគ្នា ក្នុងការធានាឱ្យ បាននូវសន្តិសុខនៃរដ្ឋរបស់យើង»

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោក ពូទីន បានប្រកាសថានឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ និងដែលបានបើកដៃឱ្យទាហានរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន បើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕