(បាងកក)៖ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៅក្នុងចំណោមបេក្ខជន៣រូបតំណាងឱ្យគណបក្ស។ នេះបើតាម ការដកស្រង់ចេញផ្សាយពីសារព័ត៌មាន​ Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានគណបក្សភឿថៃ ប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី រួមជាមួយបេក្ខជន ២នាក់ផ្សេងទៀត គឺសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Chaikasem Nitisiri នៅឯព្រឹត្តិការណ៍រៀបចំឡើងក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធសប្ដាហ៍នេះ។

មានអាយុ ៣៦ឆ្នាំ អ្នកនាង ផែថងថាន បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេ នៅក្នុងការស្ទង់មតិជាច្រើនកន្លងមក តាមពីក្រោយដោយនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងសូវ៉ាន់ (Prawit Wongsuwan)។ ប៉ុន្តែ អ្នកវិភាគខ្លះយល់ថាវាជារឿងពិបាកណាស់ដែលអ្នកនាង អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថៃ ដោយសំអាងលើរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលត្រូវបានយោធាថៃ ធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ដែលមានគោលដៅរារាំងមិនឱ្យត្រកូល ថាក់ស៊ីន ឡើងមកកាន់អំណាចជាថ្មីឡើងវិញ។ ក្នុងន័យនេះក្រុមអ្នកវិភាគបាននិយាយថា គណបក្សភឿថៃអាចនឹងរើសយកបេក្ខជនផ្សេងជំនួសអ្នកនាង ផែថងថាន ក្នុងករណីចំាបាច់ណាមួយ ដើម្បីបញ្ចៀសកុំឱ្យរឿងច្រំដែលកើតឡើង នោះគឺការធ្វើរដ្ឋប្រហារបណ្ដេញម្ដាយមីង គឺលោកស្រី យីងឡាក់ និងឪពុករបស់អ្នកនាងគឺលោក ថាក់ស៊ីន ចេញពីអំណាច និងត្រូវរស់នៅនិរទេសខ្លួននៅឯបរទេស។

គួរបញ្ជាក់ថា ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដោយមានគណបក្សធំចំនួន៣ ស្ថិតនៅក្រោមការតាមដាន គឺគណបក្សភឿថៃរបស់អ្នកនាង ផែថងថាន គណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សរបស់លោក ប្រាវីត៕