(រីយាដ)៖ ប្រមុខការទូតរបស់អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ គ្រោងជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលគូប្រជែងក្នុងតំបន់ទាំងពីរនេះ កំពុងធ្វើការដើម្បីឈានទៅបំបែកជំហានបន្ទាប់នៃទំនាក់ទំនងការទូតរបស់ពួកគេ ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

បើតាមមន្ត្រីអ៉ីរ៉ង់ និងកាសែតដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីត ការជួបគ្នារវាងព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ (Faisal bin Farhan) និងសមភាគីអ៉ីរ៉ង់របស់ទ្រង់គឺលោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) នឹងក្លាយជាជំនួបផ្លូវការលើកដំបូងរវាងអារ៉ាប៊ីសាអូឌីត ជាមួយមន្ត្រីការទូតកំពូលអ៉ីរ៉ង់ក្នុងរយៈពេលជាង ៧ឆ្នាំ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់ បានប្រាប់ Reuters ឲ្យដឹងថា ការបន្តទំនាក់ទំនងដែលត្រូវបានប្រកាសកាលពីខែមីនា និងការរៀបចំសម្រាប់ការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ នឹងត្រូវគ្នាពិភាក្សាកំលុងកិច្ចប្រជុំនេះ។ ចំណែកកាសែតរបស់អារ៉ាប៊ីសាអូឌីត បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលនិយាយថា ការជ្រើសរើសយកប្រទេសចិន បានបន្ថែមតួនាទីវិជ្ជមានរបស់ទីក្រុងប៉េកាំង ទៅក្នុងកិច្ចព្រមព្រៀង និងការសម្របសម្រួលទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់។

គួរបញ្ជាក់ថា បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំដែលបានជំរុញឲ្យមានជម្លោះនៅទូទាំងតំបន់មជ្ឈិមបូព៌ា ទីក្រុងតេហេរ៉ង់ និងទីក្រុងរីយាដ បានយល់ព្រមបញ្ចប់ភាពប្រេះឆាផ្នែកការទូតរបស់ពួកគេ និងបើកស្ថានទូតឡើងវិញ នៅក្រោមកិច្ចព្រមព្រៀងដ៏ធំមួយដែលសម្របសម្រួល ដោយប្រទេសចិនកាលពីខែមីនា៕