(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកមួយគ្រឿង និងនាវាចម្បាំង ៣គ្រឿងរបស់ចិនបានបង្ហាញវត្តមាន នៅជុំវិញដែនកោះរបស់ខ្លួន បន្ទាប់ពីលោកស្រី សៃ អ៉ីងវិន បានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី កាលពីថ្ងៃពុធ ក្នុងទីក្រុងឡូស អាន់ជែលឡែស រដ្ឋកាលីហ្វ័រញ៉ា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «ឧទ្ធម្ភាគចក្រមួយគ្រឿង និងនាវាចម្បាំង៣គ្រឿងរបស់ PLA (កងទ័ពរំដោះប្រជាជនចិន) នៅជុំវិញកោះតៃវ៉ាន់ត្រូវបានប្រទះឃើញនៅម៉ោង ៦ព្រឹក ថ្ងៃនេះ (ម៉ោងក្នុងតំបន់)។ ចំណែកឯ កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ កំពុងតាមដានស្ថានការណ៍ ហើយបានបញ្ជាឱ្យយន្ដហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល ត្រៀមលក្ខណៈឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ»

គួរបញ្ជាក់ថា មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) បានជួបមុខគ្នាដោយផ្ទាល់ ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅឯរដ្ឋកាលីហ្វ័រញ៉ា កំលុងការឈប់សំចតមួយ បន្ទាប់ពីលោកស្រី សៃ បញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសក្វាតេម៉ាឡា និងបេលី ដែលនៅតែរក្សាទំនាក់ទំនងទូតជាទីក្រុងតៃប៉ិ។ តែព្រមពេលជាមួយគ្នា ចិនដែលតែងតែចាត់ទុកថាតៃវ៉ាន់ត្រឹមតែជាខេត្តមានមួយរបស់ខ្លួន បានព្រមានថានឹងចាត់ វិធានការឆ្លើយតបជាដាច់ខាត៕