(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយព្រមានថានឹងចាត់វិធានការឆ្លើយតបជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយស៊ីនហួ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានកត់សម្គាល់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងកំហុសដ៏ធ្ងន់ធ្ងរ នៃសកម្មភាពគប់គិតគ្នារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ចិននឹងចាត់វិធានការឆ្លើយតបជាដាច់ខាត និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី»។ សេចក្ដីថ្លែងការណ៍ដដែលនេះបានបន្ថែមថាបញ្ហាតៃវ៉ាន់ គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាប់ក្រហមទី១ ដែលមិនអាចមាន នរណាអាចដើរឆ្លងជាដាច់ខាត នៅក្នុងទំនាក់ទំនងចិន-អាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) បានជួបមុខគ្នាដោយផ្ទាល់ ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅឯរដ្ឋកាលីហ្វ័រញ៉ា កំលុងការឈប់សំចតមួយ បន្ទាប់ពីលោកស្រី សៃ បញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសក្វាតេម៉ាឡា និងបេលី ដែលនៅតែរក្សាទំនាក់ទំនងទូតជាទីក្រុងតៃប៉ិ។

នៅក្នុងជំនួបនោះ លោកស្រី សៃ បានអរគុណដល់សភាទាំង២របស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រសម្រាប់តៃវ៉ាន់ ក្នុងពេលដែលប្រជាធិបតេយ្យកំពុង ស្ថិតនៅក្រោមការគំរាមកំហែង ហើយលោកស្រីថែមទាំងបានលើកឡើងវិញនូវពាក្យមួយឃ្លារបស់អតីតប្រធានាធិបតីអាមេរិក លោក រីហ្គិន (Reagan) ដែលបាននិយាយថា «ដើម្បីការពារសន្តិភាព យើងត្រូវតែរឹងមាំ» ជាមួយការសង្កត់ធ្ងន់ឱ្យសហរដ្ឋអាមេរិកពន្លឿនការផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់ផងដែរ៕