(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថាកំពុងដុតបញ្ឆេះភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ឆ្ពោះទៅ រកមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ ជាមួយការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។​

ការព្រមានខាងលើរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលបានដកស្រង់ការអត្ថាធិប្បាយរបស់អ្នកវិភាគខាង សន្តិសុខអន្តរជាតិម្នាក់របស់កូរ៉េខាងជើងម្នាក់ ឈ្មោះ ឆូ ជូ យ៉ុន (Choe Ju Hyon) ដែលបានរិះគន់ថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងប្រែក្លាយស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ទៅដល់ចំណុចមួយរង់ចាំតែផ្ទុះតែប៉ុណ្ណោះ។ អ្នកវិភាគរូបនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាព យោធាដ៏គឃ្លើនរបស់សហរដ្ឋអាមេរិក និងអ្នកហែរហមរបស់ពួកគេប្រឆាំងនឹងកូរ៉េខាងជើង កំពុងរុញច្រានស្ថានការណ៍លើ តំបន់ឧបទ្វីបកូរ៉េឆ្ពោះទៅរក មហន្តរាយមួយ ដែលមិនត្រឡប់បកក្រោយវិញបាន...និងឆ្ពោះទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ចាប់តាំងពីខែមីនាមក ក្នុងនោះរួមមានទាំងសមយុទ្ធ យោធាអាកាស និងជើងទឹក ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំង ព្រមទាំងយន្ដហោះទម្លាក់គ្រាប់បែក B-1B និង B-52 ផងដែរ ជាការឆ្លើយតទៅនឹង អ្វីដែលប្រទេសសម្ព័ន្ធមិត្តទាំង២ ហៅថាជាការកើនឡើងនៃការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង៕