(អៀរឡង់)៖ រដ្ឋមន្ត្រីការបរទេសរបស់អៀរឡង់បាននិយាយថា រដ្ឋាភិបាលអៀរឡង់នឹងសួរសាធារណៈជនសម្រាប់ទស្សនៈរបស់ពួកគេ លើគោលនយោបាយអព្យាក្រឹតភាពយោធារបស់ប្រទេស នៅក្នុងវេទិកាប្រឹក្សាមួយ ដែលជាសញ្ញាចុងក្រោយនៃការផ្លាស់ប្តូរ ដែលអាចកើតមានបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេស លោក Michel Martin បាននិយាយថា វេទិកាដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាក្នុងទីក្រុងចំនួនបីផ្សេងគ្នា ក្នុងរយៈពេល ៤ថ្ងៃនឹងផ្តោតលើបញ្ហាសន្តិសុខជាច្រើន និងអនុញ្ញាតឱ្យមានការពិភាក្សាអំពីគោលនយោបាយអព្យាក្រឹតភាព ដែលមានអាយុកាលរាប់ទសវត្សរ៍។

លោក Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បរិយាកាសសន្តិសុខអន្តរជាតិបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ យើងបានមើលឃើញពីការមិនគោរពច្បាប់អន្តរជាតិ និងភាពឃោរឃៅរបស់រុស្ស៊ី»

លោកបានសង្កត់ធ្ងន់ថា «ការប្តេជ្ញាចិត្តរបស់ប្រទេសអៀរឡង់​ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងគោលនយោបាយប្រពៃណីនៃអព្យាក្រឹតភាពយោធារបស់យើង មិនរារាំងយើងពីតម្រូវការដើម្បីឆ្លើយតបទៅនឹងការពិតថ្មីនេះទេ»

ទន្ទឹមគ្នានេះ លោក Martin បានប្រាប់ទូរទស្សន៍ជាតិ RTE ថា ​មិនមាន «លទ្ធផលទុកជាមុន» នៃការពិភាក្សានោះទេ ហើយថារដ្ឋាភិបាលក៏មិនមានផែនការផ្លាស់ប្តូរគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង ស្របពេលដែលប្រទេសហ្វាំងឡង់បានចូលរួមជាផ្លូវការ ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបញ្ចប់រយៈពេលប្រាំពីរទសវត្សរ៍ នៃគោលនយោបាយមិនចូលបក្សសម្ព័ន្ធ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕