(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង៧០ឆ្នាំមកហើយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬបក្សសម្ព័នយោធា NATO បានពង្រីកខ្លួនដោយមានសមាជិក ៣០ប្រទេស។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលសូវៀត និងដែលបានក្លាយជាប្រភពមួយនៃភាពតានតឹងរវាង លោកខាងលិច និងរុស្ស៉ីមកទល់នឹងបច្ចុប្បន្ន NATO បាន និងកំពុងបង្ហាញពីសាមគ្គីភាពក្នុងការគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមឈ្លានពានរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

បើតាមលោក ពូទីន សង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ បង្កឡើងដោយសារតែការពង្រីកខ្លួនឥតឈប់ឈររបស់ NATO ឆ្ពោះមកកាន់តំបន់ក្បែរព្រំដែនរុស្ស៉ី ហើយ លោកផ្ទាល់ក៏ធ្លាប់បានលើកឡើងជារឿយៗដែរថាសង្រ្គាមសព្វថ្ងៃគឺជាសង្រ្គាមរវាងរុស្ស៉ី និង NATO ពោលមិនមែនជាសង្រ្គាមរវាងរុស្ស៉ីជាមួយអ៊ុយក្រែន នោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បានចាត់ទុកហេតុផលរបស់រុស្ស៉ីជាលេសគ្មានហេតុផលដើម្បីឈ្លានពានអ៊ុយក្រែនតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ ការពង្រីកខ្លួនរបស់បក្សសម្ព័ន្ធយោធាមួយនេះពិតជាមិនបានបញ្ឈប់ពិតមែន ដោយកាលពី ថ្ងៃអង្គារ ទី៤ ខែមេសានេះ ហ្វាំងឡង់ដែលកន្លងមកធ្លាប់តែជាប្រទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធយោធា បានក្លាយជាសមាជិកទី៣១ របស់ NATO ជាផ្លូវការ ក្រោយបានដាក់ពាក្យសុំចូលជាសមាជិកជាមួយស៊ុយអែត ជាការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ពាក្យសុំចូលជាសមាជិករបស់ស៊ុយអែត នៅតែបន្តជាប់គាំងនៅឡើយ ដោយសារតែមានការជំទាស់ពីតួកគី។

ក្រុមអ្នកវិភាគបាននិយាយថាវត្តមានរបស់ហ្វាំងឡង់ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ NATO ទាំងការពង្រីកវត្តមានជើងគោក សមុទ្រ និងអាកាស ដោយ ហ្វាំងឡង់មានព្រំដែនគោកជាប់រុស្ស៉ីជាង ​១,៣៤០គីឡូម៉ែត្រ។ តែព្រមពេលជាមួយគ្នា ការពង្រីកខ្លួននេះក៏នឹងកាន់តែធ្វើឱ្យទំនាក់ទំនងជាមួយរុស្ស៉ី កាន់តែ តានតឹងដែរ ចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់វិមានក្រឹមឡាំង។

ដូច្នេះថាតើរុស្ស៉ីនឹងឆ្លើយតបបែបណាចំពោះវត្តមានរបស់ហ្វាំងឡង់ក្នុង NATO? អ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់រុស្ស៉ី ធ្លាប់បានព្រមានជាយូរណាស់មកហើយ ថាទីក្រុងមូស្គូ នឹងចាត់វិធានការឆ្លើយតបតាមបច្ចេកទេសយោធា ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិក NATO។ កាលពីខែធ្នូ ឆ្នាំ២០២២ និងជាថ្មី ម្ដងទៀត នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានបង្ហើបឱ្យដឹងពីការធ្វើកំណែទម្រង់យោធារុស្ស៉ី នោះគឺ ផែនការកំណែទម្រង់សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដែលនឹងរួមបញ្ចូលទាំងការបង្កើតកងពលយោធានៅក្នុងសាធារណរដ្ឋ Karelia (Republic of Karelia) ស្ថិតនៅក្បែរព្រំដែនជាមួយហ្វាំងឡង់ រួមទាំងការបង្កើតឡើងវិញនូវកងកម្លាំងប្រចាំភូមិភាគទីក្រុងមូស្គូ និងទីក្រុង Leningrad ផងដែរ។

ជាការពិតណាស់ ការចាត់វិធានការឆ្លើយតប គឺត្រូវតែធ្វើ ប៉ុន្តែរុស្ស៉ីនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើវា តាមរយៈការប្រើប្រាស់មធ្យោបាយយោធាទូទៅ ធម្មតាបាននោះទេ នៅក្នុងរយៈពេលខ្លី ហើយហេតុផលគឺដោយសារតែរុស្ស៉ី ត្រូវបង្វែរធនធានយោធាមួយផ្នែករបស់ខ្លួនសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងន័យនេះ រុស្ស៉ីអាចនឹងប្រើប្រាស់ «យុទ្ធសាស្ត្រសង្រ្គាមពណ៌ប្រផេះ (gray zone tactics)» ដើម្បីកំញើញ NATO ទាំងនៅក្នុងតំបន់អឺរ៉ុបខាងជើង បាល់ទិក និងតំបន់អាក់ទិក ព្រមទាំងការបង្កើនការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ទម្រាំតែខ្លួនអាចស្ដារកម្លាំងយោធាឡើងវិញដែលអាចនឹងប្រើពេលជាង១០ឆ្នាំ ឬអាច ច្រើនជាងនេះក៏ថាបាន។ យុទ្ធសាស្ត្រនេះត្រូវបានរុស្ស៉ីយកមកប្រើជាបណ្ដើរៗ ស្របទៅនឹងការបង្កើនការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក ពូទីន នៅបន្ទាប់ពីទាហានរុស្ស៉ីទទួលបានបរាជ័យ នាពេលកន្លងមក។ តួយ៉ាង ទីក្រុងមូស្គូត្រូវបានគេរាយការណ៍ថាប្ដូរទីតាំងយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅកាន់ឧបទ្វីប Kola សម្រាប់ការធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីខែតុលា ឆ្នាំ២០២២ និងការធ្វើតេស្ដសមត្ថភាពអាវុធបំពាក់នុយក្លេអ៊ែរទាំងជើងគោក ជើងទឹក និងអាកាស ក្នុងតំបន់អាក់ទិក។

ម្យ៉ាងវិញទៀត ខណៈការធ្លាក់ចុះទន់ខ្សោយនៃយោធារបស់រុស្ស៉ីអាចជារឿងបណ្ដោះអាសន្ន តែការផ្លាស់ប្ដូរនៃ «និម្មាបនកម្មសន្តិសុខក្នុងតំបន់អឺរ៉ុប» មិនមែនជា រឿងបណ្ដោះអាសន្ន នោះទេ។ ក្រោមហេតុផលនេះ ក្នុងរយៈពេលវែង រុស្ស៉ីនឹងព្យាយាមសម្របខ្លួនជាអចិន្ត្រៃយ៍នូវការត្រៀមលក្ខណៈនៃកងកម្លាំងរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងវត្តមានរបស់ហ្វាំងឡង់ និងស៊ុយអែតនៅក្នុង NATO។ បើតាមរបាយការណ៍ស្រាវជ្រាវមួយរបស់ហ្វាំងឡង់ រុស្ស៉ីនឹងធ្វើការឆ្លើយតបទៅនឹង ការចូលរួមក្នុង NATO របស់ហ្វាំងឡង់ និងស៊ុយអែត តាមរយៈការបង្កើនវត្តមានយោធានៅក្បែរតំបន់ព្រំដែនហ្វាំងឡង់ ទោះបីជាវត្តមាននេះនឹងមិនមានចំនួន ច្រើនដូចអំឡុងសម័យសង្រ្គាមត្រជាក់ ក៏ដោយ។ របាយការណ៍ស្រាវជ្រាវនេះដដែលក៏បានវាយតម្លៃដែរថាដោយសារតែការបាតបង់កងទ័ព និងសព្វាវុធនៅក្នុង សង្រ្គាមអ៊ុយក្រែន រួមទាំងភាពយឺតយ៉ាវក្នុងការស្ដារកងកម្លាំងឡើងវិញ រុស្ស៉ីទំនងជានឹងមិនបង្កើនវត្តមានយោធាគួរឱ្យកត់សម្គាល់នៅក្បែរតំបន់ព្រំដែន ហ្វាំងឡង់នោះទេ ចាប់ពីពេលនេះរហូតដល់ទសវត្សរ៍ឆ្នាំ២០៣០។

គួរបញ្ជាក់ថា ដូចដែលមានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក Shoigu រុស្ស៉ីនឹងពង្រឹងសមត្ថភាពយោធាទូទៅធម្មតា មិនមែននុយក្លេអ៊ែរ នៅតាម បណ្ដោយព្រំដែនភាពពាយព្យរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ ទីក្រុងមូស្គូក៏នឹងពង្រឹងផងដែរនូវយុទ្ធសាស្ត្រសង្រ្គាមមួយហៅជា ភាសាអង់គ្លេសថា «Anti-Access and Area Denial» ឬនិយាយជាសាមញ្ញថា «យុទ្ធសាស្ត្រទប់ស្កាត់មិនឱ្យចូលទឹកដី» នៅជុំវិញឧបទ្វីប Kola និងការពង្រឹង សន្តិសុខតាមព្រំដែនជាមួយហ្វាំងឡង់ក្បែរទីក្រុងសាំង ភីតធើស្បឺគ (Saint Petersburg)។ រុស្ស៉ីអាចនឹងបង្កើនការធ្វើសមយុទ្ធយោធា ឬសកម្មភាពយោធា នៅក្បែរតំបន់ព្រំដែនជាប់ហ្វាំងឡង់ និងស៊ុយអែត ឬក៏ធ្វើសកម្មភាពគំរាមដល់នាវាចម្បាំងលោកខាងលិចនៅក្នុងតំបន់សមុទ្រ Barents និង Baltic ដើម្បីអាច សិក្សាពីប្រព័ន្ធការពាររបស់ NATO និងកំញើញបក្សសម្ព័ន្ធយោធាមួយនេះ។ លើសពីនេះទៅទៀត ទីក្រុងមូស្គូ ក៏អាចនឹងធ្វើសកម្មភាពដូចគ្នានេះ នៅតាមផ្លូវទឹក យុទ្ធសាស្ត្រសំខាន់ៗដូចជា ច្រកសមុទ្រ Danish Straits និងផ្លូវទឹកជុំវិញកោះ Gotland, Bornholm និងកោះ Åland Islands។

ការដំឡើងហេដ្ឋារចនាសម្ព័ន្ធ NATO នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត ដូចជាការអភិវឌ្ឍព្រលានយន្ដហោះ ទីបញ្ជាការស៊ើបការណ៍សម្ងាត់ ឬក៏ អាវុធនុយក្លេអ៊ែរ វានឹងកាន់តែធ្វើឱ្យរុស្ស៉ីបង្កើនសកម្មភាពយោធាក្នុងតំបន់អឺរ៉ុបខាងជើង បាល់ទិក និងអាក់ទិកដូច្នោះដែរ។ ហ្វាំងឡង់បានប្រកាសរួចហើយថា នឹងដាក់ឱ្យយន្ដហោះចម្បាំង F-35 ឈរជើងនៅក្នុងតំបន់ Lapland ដោយចាប់ផ្ដើមនៅឆ្នាំ២០២៦ ហើយនឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយ NATO ក្នុងតំបន់អឺរ៉ុបខាងជើងកាន់តែច្រើនឡើងជាងឆ្នាំមុនៗ។ ដូច្នេះនៅពេលរុស្ស៉ីងើបចេញពីសង្រ្គាមនៅអ៊ុយក្រែន នោះសកម្មភាពទាំងនេះនឹង កាន់តែបង្កើនទស្សនយល់ឃើញពីការគំរាមកំហែងរបស់ទីក្រុងមូស្គូ ដែលនឹងកាន់តែបង្កើនការប្រុងប្រយ័ត្នពីតំបន់ព្រំដែនរបស់ខ្លួនជាប់ហ្វាំងឡង់៕