(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា ការប្រកាសរបស់រុស្ស៊ីដែលថាខ្លួននឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស វាបានបង្ហាញថាសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងចិនកាលពីប៉ុន្មានថ្ងៃមុនគឺជា «ការសន្យាទទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការអង្គការណាតូក្នុងទីក្រុងព្រុចសែលថា ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីរុស្ស៊ី និងចិនបានប្រកាសរួមគ្នាថា ប្រទេសទាំងពីរមិនគួរដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅខាងក្រៅព្រំដែនរបស់ពួកគេឡើយ។

លោកបាននិយាយថា នេះបង្ហាញថាសេចក្តីថ្លែងការណ៍បែបនេះគឺជា «ការសន្យាទទេ ហើយអ្វីដែលយើងត្រូវមើលឱ្យដិតដល់បំផុត គឺជាអ្វីដែលរុស្ស៊ីកំពុងធ្វើ»

លោក Stoltenberg បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ អង្គការមិនទាន់ឃើញមានសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងធ្វើតាមសេចក្តីថ្លែងការណ៍របស់ លោក ពូទីន នោះទេ៕