(រ៉ូម)៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក​ Silvio Berlusconi កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះដោយមានអ្នកមើលថែយ៉ាងយកចិត្តទុកដាក់នៅថ្ងៃពុធ (៥ មេសា) នេះ ដោយសារបញ្ហាបេះដូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣។

ប្រភពបានឱ្យដឹងថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយវ័យ ៨៦ឆ្នាំរូបនេះបានចូល និងចេញពីមន្ទីរពេទ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ San Raphael ក្នុងទីក្រុង Milan ។

ទីភ្នាក់ងារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី បាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធ ហើយស្ថិតក្នុងស្ថានភាពនឹងនរ ។

លោក​ Silvio Berlusconi មេដឹកនាំគណបក្សស្តាំនិយម Forza Italia បានចំណាយពេល ៤ថ្ងៃនៅមន្ទីរពេទ្យដូចគ្នាជាមួយនឹងអ្វីដែលរបាយការណ៍ព័ត៌មានអ៊ីតាលីបាននិយាយថា មានបញ្ហាបេះដូង ហើយបានចាកចេញកាលពីថ្ងៃទី៣០ ខែមីនា។

គួរបញ្ជាក់ថា លោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ​​ ដោយសារជំងឺរលាកសួតដែលទាក់ទងនឹងកូវីដ១៩ ក្នុងខែកញ្ញា ឆ្នាំ២០២០ ហើយក៏បានចូលមន្ទីរពេទ្យច្រើនដងនៅឆ្នាំបន្ទាប់ ដោយសារផលវិបាកពីជំងឺនេះផងដែរ៕