(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែលោកនៅមិនទាន់បានទទួលការអញ្ជើញណាមួយ នៅឡើយទេមកទល់នឹងពេលនេះ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថា លោកកំពុងមានផែនការធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃអង្គារសប្តាហ៍នេះសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទីក្រុងប៉េកាំងចេញការអញ្ជើញជាគោលការណ៍មួយ ទៅកាន់លោក អាល់បានី និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក ដុន ហ្វារ៉ែល (Don Farrell) ឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសចិន ដែលទំនងជាប្រព្រឹត្តទៅនៅក្នុងខែតុលា ឬខែវិច្ឆិកា ដើម្បីឱ្យចំខួបលើកទី៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក អាល់បានីស បានគូសបញ្ជាក់យ៉ាងដូចេ្នះថា «ខ្ញុំធ្លាប់បាននិយាយហើយថា ប្រសិនបើមានការអញ្ជើញនោះ ខ្ញុំនឹងទទួលយកហើយយើងនឹងរៀបចំពេលវេលាសម្រាប់កិច្ចការនោះ។ ប៉ុន្តែ នៅមិនមានការផ្តល់ឲ្យណាមួយ ដើម្បីរៀបចំពេលវេលានោះទេ»

គួរបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយរបាំងពាណិជ្ជកម្មលើការនាំចូលរបស់អូស្ត្រាលី រួមទាំងធ្យូងថ្ម ខណៈដែលប្រទេសទាំងពីរឆ្ពោះទៅរក ការកសាងទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ នៅរយៈពេលជាង២ឆ្នាំ ក្រោយពីចិនបានដាក់កម្រិតពាណិជ្ជកម្មលើទំនិញមួយចំនួន បន្ទាប់ពីមានជម្លោះលើផ្នែកវិនិយោគ ពាណិជ្ជកម្ម និងប្រភពដើមនៃជំងឺកូវីដ១៩៕