(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវ ឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីជួបជុំមួយជាមួយសហគមន៍ពលរដ្ឋបារាំង នៅឯទីក្រុងប៉េកាំង មុនបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបារាំងបានលើកឡើងថា បារាំងនឹងព្យាយាមស្វែងរកការសហការជាមួយចិន នៅក្នុងទំនួលខុសត្រូវរួមដើម្បីសន្តិភាពនិងស្ថិរភាពនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដូច្នេះថា «ដោយទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដូច​ដែលយើងទាំងអស់គ្នាបានឃើញថ្មីៗនេះ ចិនអាចដើរតួនាទីដ៏សំខាន់មួយ» ហើយលោកក៏បានកត់សម្គាល់អំពី ការដែលចិនប្រកាន់ជំហរប្រឆាំង​ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ក៏ដូចជាសំណើផែនការសន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងមូស្គូផងដែរ។

គួរបញ្ជាក់ថា វត្តមានលោក ម៉ាក្រុង នៅទីក្រុងប៉េកាំង នាពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូង ដោយប្រធានាធិបតីបារាំង នៅប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំ ខណៈប្រធានបទនៃកិច្ចពិភាក្សាត្រូវគេរំពឹងថា នឹងគ្របដណ្តប់ដោយបញ្ហាសង្រ្គាមអ៊ុយក្រែន។ បើតាមសេតវិមាន មុនពេលធ្វើដំណើរមកដល់ចិន លោក ម៉ាក្រុង ក៏បានពិភាក្សាអំពីទស្សនិច្ចនេះ ហើយនិងការគាំទ្រសម្រាប់អ៊ុយក្រែន កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ផងដែរ៕