(សេអ៊ូល)៖ នៅថ្ងៃពុធនេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 មួយគ្រឿង បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលជាការបន្តសម្ញែងសាច់ដុំថ្មីចុងក្រោយមួយទៀតរបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបចំពោះកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកខាងលើ បានចូលរួមជាមួយយន្តហោះចម្បាំងអាមេរិក F-35 និង F-16 ហើយនិងយន្តហោះចម្បាំង F-35 របស់កូរ៉េខាងត្បូង សម្រាប់ការធ្វើលំហាត់យោធា។ កងកម្លាំងយោធាអាមេរិកនិងកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធយោធាចម្រុះបែប ចាប់តាំងតែពីខែមីនាមក រួមមានទាំងសមយុទ្ធផ្លូវអាកាសនិងផ្លូវទឹក ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក B-1B ជាដើម។

គួរបញ្ជាក់ថា លើកចុងក្រោយដែលយោធាអាមេរិក បានចល័តយន្តហោះ B-52 មកកាន់កូរ៉េខាងត្បូងបែបនេះ គឺកាលពីថ្ងៃទី៦ ខែមីនា។ ចំណែកកូរ៉េខាងជើងវិញ បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល ដោយហៅពួកវាថាជាហាត់សមដើម្បីសង្រ្គាម។ ក្រៅពីការបាញ់តេស្តមីស៉ីល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងបានបញ្ចេញ​ក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចថ្មី ហើយប្តេជ្ញាបង្កើនការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើន ព្រមទាំងធ្វើតេស្តនូវអ្វី​ដែលខ្លួនអះអាងថាជា ដ្រូនប្រយុទ្ធក្រោមទឹកដែលមានសមត្ថភាពបាញ់នុយក្លេអ៊ែរ ថែមទៀតផង៕