(វ៉ាស៉ីនតោន)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានកោះប្រជុំពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់សន្តិសុខជាតិរបស់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពី «ស្ថានភាពក្នុងតំបន់» មុនពេលដែលលោកស្រី នឹងត្រូវជួបប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខេធី (Kevin McCarthy) នៅរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។
ការិយាល័យមេដឹកនាំតៃវ៉ាន់ បានឲ្យដឹងថា លោកស្រី សៃ កោះប្រជុំអនឡាញចេញពីប្រទេសបេលី ដែលជាកន្លែងចុងបញ្ចប់នៃដំណើររបស់លោកស្រី នៅតំបន់អាមេរិកកណ្តាល មុនពេលទៅកាន់ទីក្រុងឡូស អាន់ជីឡេស (Los Angeles)។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពក្នុងតំបន់ទាំងមូល លោកស្រី សៃ បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធបន្តតាមដានស្ថានភាពនៅជុំវិញ និងដើម្បីឲ្យគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅខាងក្រៅ បានដឹងអំពីស្ថានភាពក្នុងពេលវេលាជាក់ស្តែង។ លោកស្រី សៃ ត្រូវទៅដល់ទីក្រុង Los Angeles នៅល្ងាចថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ហើយគ្រោងនឹងត្រឡប់ទៅទីក្រុងតៃប៉ិវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ។
គួរបញ្ជាក់ថា កន្លងមកប្រទេសចិន ធ្លាប់បានគំរាមចាត់វិធានការដែលមិនបញ្ជាក់ច្បាស់លាស់ ប្រសិនលោកស្រី សៃ និងលោក ម៉ាកខេធី ជួបគ្នាតាមការគ្រោងទុកមែននោះ។ នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា នាវាដែលដំណើរការដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃខេត្តហ្វូជាំង (Fujian) ដែលនៅទល់មុខនឹងកោះតៃវ៉ាន់ កំពុងដឹកនាំការល្បាតនៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕